អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ ដាក់​វិធាន​ឲ្យមន្ត្រី​ពាក់​ព័ន្ធ​បន្ត​តាម​ដាន​ត្រួត​ពិនិត្យ​ទីតាំង​ផលិត​ និង លក់​ស្រាស​នៅ​គ្រប់​មូល​ដ្ឋាន​ដើម្បី​​ទប់​ស្កាត់​កុំ​ឲ្យ​កើត​មាន​ករណី​ពុល​ស្រា​បន្តទៀត

  • កំពង់ឆ្នាំង អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីជំនាញ មន្រ្តីអាជ្ញាធរក្រុងស្រុក និង សមត្ថកិច្ចទាំងអស់ក្នុងខេត្ត ឲ្យបន្តការតាមដានត្រួតពិនិត្យចំពោះទីតាំងផលិតនិងចែកចាយ ស្រាស ឲ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស ដើម្បីទប់ស្កាត់កុំឲ្យកើតមានករណីពុលស្រា សាជាថ្មីម្តងទៀត

    ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  បានដាក់វិធានការទៅមន្ត្រីបែបនេះ នៅក្នុងពិធីបំផ្លាញចោលស្រាស ស្រាថ្នាំជិត២ម៉ឺនលីត្រ  កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

    ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោយពីមានករណីពុលស្រា នៅស្រុកទឹកផុស ទីតាំងផលិតនិងលក់ស្រាស ទាំងអស់នៅក្នុងខេត្ត ត្រូវបានផ្អាកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យមានការផលិតនិងចែកចាយស្រាស ដែលពុំមានច្បាប់និងត្រួតពិនិត្យច្បាស់លាស់ពីស្ថាប័នជំនាញនោះឡើយ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

    ការអនុញ្ញាត្តឲ្យបើកដំណើរការផលិតនិងចែកចាយស្រាស ឡើងវិញបាន លុះត្រាតែមានច្បាប់អនុញ្ញាត្តនិងមានការត្រួតពិនិត្យត្រឹមត្រូវពីស្ថាប័នជំនាញយ៉ាងម៉ត់ចត់បំផុត ប៉ុន្តែក្នុងអំឡុងពេលនេះ គឺមិនត្រូវឲ្យមានការផលិតនិងចែកចាយស្រាស នៅតាមមូលដ្ឋាននោះឡើយ  ចំពោះមូលដ្ឋានណាដែលកើតមានករណីពុលស្រានេះសាជាថ្មី ត្រូវតែទទួលខុសត្រូវ

    សូមបញ្ជាក់ថា ការដាក់បំរាមមិនឲ្យមានការផលិតនិងចែកចាយស្រាស របស់អភិបាលខេត្តកំពង់ឆ្នាំង ធ្វើឡើងបន្ទាប់ពីមានករណីពុលស្រាស ស្រាថ្នាំ នៅស្រុកទឹកផុស បង្ករឲ្យមនុស្ស៨នាក់ស្លាប់ និង មានអាការៈពុលធ្ងន់និងស្រាលចំនួន១៣១នាក់

    លោកឧត្តម សេនីយទោរខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ស្រាដែលយកបំផ្លាញចោលនាពេលនេះ បានមកពីការចុះប្រមូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ក្រោយពីមានករណីពុលស្រា ស្រាដែលប្រមូលបានមានចំណុះប្រមាណជិត២ម៉ឺនលីត្រ រួមនិងមេស្រា មេដំបែមួយចំនួនទៀត ការចុះប្រមួលស្រានេះធ្វើឡើងចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០និងបានបិទទីតាំងផលិតនិងលក់ស្រាស ស្រាថ្នាំ ប្រមាណជាង១៥០០កន្លែងនៅទូទាំងខេត្តកំពង់ឆ្នាំង៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង