រដ្ឋមន្ត្រី​កសិកម្ម ជម្រុញ​ឲ្យបង​ប្អូន​ប្រជា​កសិករ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង យក​ចិត្តទុក​ដាក់​លើ​ការ​គ្រប់គ្រង​ទឹក និងការពារ​សត្វចង្រៃ​ផ្សេង​ៗ​កុំឲ្យ​បំផ្លាញ​ស្រូវ

  • កំពង់ឆ្នាំង៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យបងប្អូនប្រជាកសិករក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បន្ត​យក​ចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែ ដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមក​បំផ្លាញ​ស្រូវ​។ ការណែ​នាំ​​ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ​ធ្វើឡើងក្នុងឱកាសអញ្ជើញចុះពិនិត្យ​សកម្មភាព​ស្តារផលិតកម្មស្រូវ​ឡើងវិញ​របស់បងប្អូន​ប្រជា​កសិករ​នៅ​ឃុំគោក​បន្ទាយ ស្រុករលាប្អៀរ និងនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

    ឯកឧត្តមរដ្ឋមន្ត្រី បានអបអរចំពោះ​ស​កម្មភាពដ៏​រស់រវើករបស់បងប្អូន​ប្រជាកសិករ​ក្នុងការស្តារផលិតកម្មស្រូវឡើងវិញ ដែល​នេះ​សរ​បញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេល​វេលា ហើយសង្ឃឹមថា​ពួក​គាត់​នឹង​ទទួល​បាន​ផ្លែផ្កាដូច​ការរំពឹងទុក។

    ខណះកំពុងមមាញឹកបង្កបង្កើនផលស្រូវឲ្យបានទាន់ ពេលវេលា ប្រជាកសិករ ក៏បានបញ្ជាក់ដែរថា ពូជស្រូវ ដែលជាអំណោយរបស់​សម្តេច​តេជោ ហ៊ុន សែន គឺមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ប្រជាកសិករ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេច​តេជោ ហ៊ុន សែន នេះផង​ដែរ។ជាមួយគ្នានោះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យដឹងថា​ លទ្ធផល​នៃការ​​ស្តារ​ដំ​ណាំ​​ស្រូវនៅតាម​បណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះ​សម្រេចបានចំនួន ៤៦៦ហិកតានៃផ្ទៃដីខូចខាត​ចំនួន ១៧៩២ ហិកតា ហើយកំពុងបន្ត​ស្តារដំណាំស្រូវឡើងវិញ​លើផ្ទៃដីដែល​នៅសេសសល់។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រុម​ការ​ងារ​​​រាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោន​ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេច​តេជោ ហ៊ុន សែន មកចែក​ជូនបងប្អូន​ប្រជា​កសិករ ខណះស្រូវរបស់ពួកគាត់រងផលប៉ះពាល់និងខូចខាតដោយសារ​គ្រោះទឹក​ជំនន់៕ 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង