កំពង់ឆ្នាំង ៖ បច្ចុប្បន្នសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានលទ្ធភាពផលិត និងលក់ខ្ទឹមស្លឹកដែលជាដំណាំ អាទិភាពរបស់សហគមន៍ចន្លោះពី៣ ទៅ៤តោនក្នុងមួយថ្ងៃ ជាប្រចាំទៅ កាន់ទីផ្សារភ្នំពេញនិងទីផ្សារនានា។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ភាពរីកលូតលាស់លើលទ្ធភាពផលិតនិងលក់ខ្ទឹមស្លឹករបស់សហគមន៍នេះ កើតឡើងតាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ដែលជាបច្ចេកទេសកសិកម្មថ្មីគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគន៍ និងអ្នកប្រមូលទិញ។

ជាមួយនឹងភាពរីកចម្រើនរបស់ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសារទរ និង កោតសរសើរចំពោះល្បឿននៃការវិវឌ្ឍរីកចម្រើនដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំរបស់សហគមន៍។ ការវិវឌ្ឍរីកចម្រើននេះហើយ បានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេសចូលរួមជាមួយក្រសួងក្នុងការពង្រឹង និងពង្រីកផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីឈានទៅបន្តការកាត់បន្ថយការនាំចូលពីបណ្តាប្រទេស។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្តបន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះ គ្រប់គ្រង និងទីផ្សារធ្វើយ៉ាងណាពង្រីកការចងក្រងសមាជិកបណ្តុំសមាគមន៍ឲ្យកាន់តែធំ និងកាន់តែរឹងមាំ។
គួរបញ្ជាក់ថា សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចុះបញ្ជីស្របច្បាប់កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ ។
សហគមន៍កសិកម្មនេះ ចាប់ផ្តើមដំបូងមានសមាជិកតែ៣៦នាក់ ដោយមានការសម្របសម្រួលបង្កើត និងគាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មសហគមន៍ដោយចំនួន ៦៦ហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៣,៣លានរៀលតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នសហគមន៍ បានពង្រីកសមាជិករបស់ខ្លួនដល់ចំនួន ១៤០គ្រួសារ និងមានទុនជាទឹកប្រាក់សរុបចំនួន ៧៦,៣លានរៀលសម្រាប់ប្រតិបត្តិការអាជីវកម្មសហគមន៍លើផ្ទៃដីសរុប ៨៦ហិកតា។
អាជីវកម្មសំខាន់ៗរបស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្មដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជាខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែបជាដើម៕











