ប្រធាន​មន្ទីរព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ ណែនាំដល់​មន្រ្តីជាប់​កិច្ចសន្យា​ត្រូវ​យក​ចិត្តទុក​ដាក់លើ​ការងារ​ជំនាញ​ក្នុង​វិស័យព័ត៌មាន​និងគោរព​វិន័យការងារ

  • កំពង់ឆ្នាំង៖ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឯកឧត្តមម៉ម ឈឿម និង ជាទីប្រឹក្សាក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ទៅមន្រ្តីជាប់កិច្ចសន្យា​ទាំងអស់​នៃ​មន្ទីរព័ត៌មាន ឲ្យបង្កើនសមត្ថភាពជំនាញរបស់ខ្លួន និង គោរពនូវវិន័យការងារ ដើម្បីលើកកម្ពស់គុណភាពការងារឲ្យកាន់តែប្រសើរឡើង ធានាឲ្យ​​ការងា​រ​​របស់ខ្លួនមានការរីកចំរើន ។ ឯកឧត្តម ប្រធានមន្ទីរ បានមានប្រសាសន៍បញ្ជាក់ទៅកាន់មន្ត្រីជាប់កិច្ចសន្យាបែបនេះ ក្នុងឱកាសជួប​ប្រជុំជាមួយ​មន្រ្តីជាប់កិច្ចសន្យា​របស់មន្ទីរ​ចំនួន​១៨នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាប្រជុំរបស់មន្ទីរកំពង់ឆ្នាំង។

    ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍បញ្ជាក់ទៀតថា ការពង្រីកចំណេះដឹងការងារលើការងារជំនាញរៀងៗខ្លួនគឺជាកិច្ចការចាំបាច់បំផុត​​ដែល​មន្រ្តី​ជាប់​កិច្ចសន្យាទាំងអស់ត្រូវបន្តខិតខំ អភិវឌ្ឍន៍សមត្ថភាពឲ្យស្របទៅតាមបរិបទនៃសង្គមបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

    ឯកឧត្តម បានបញ្ជាក់ទៀតថា មន្រ្តីទាំងអស់មិនអាចនៅស្ងៀមក្នុងការបង្កើនសមត្ថភាពនោះទេ ព្រោះដោយសារតែបច្ចេក​វិទ្យាកាន់តែមានការអភិវឌ្ឍន៍ និងត្រូវស្វែងយល់ចំណេះដឹងឲ្យបានគ្រប់ជ្រុងជ្រោយបំផុត ។

    ចំពោះការងារជំនាញវិទ្យុ ទូរទស្សន៍ និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP គឺមន្រ្តីជាប់កិច្ចសន្យាទាំងអស់ខិតខំពង្រឹងនូវជំនាញរៀងៗខ្លួន ដោយដក​ស្រង់​នូវបទពិសោធន៍មន្រ្តីជំនាន់មុន ដែលមានជំនាញលើកិច្ចការទាំងអស់នេះ។ ហើយជាមួយនេះផងដែរ គឺមន្រ្តីជាប់កិច្ចសន្យាទាំងអស់​ត្រូវតែប្រកាន់​ខ្ជាប់នូវ វិន័យការងាររបស់ខ្លួនផងដែរ ។

    ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង ជាទីប្រឹក្សាក្រសួងព័ត៌មាន បានឲ្យមន្រ្តីជំនាញទាំងអស់ បង្កើនប្រសិទ្ធភាពការងារ​របស់​ខ្លួនក្នុង​វិស័យព័ត៌មានឲ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀតពិសេសត្រូវសហការនិងទំនាក់ទំនងគ្នាអោយបានល្អក្នុងការផលិតព័ត៌មានអោយ​ច្រើនប្រភេទ ពាក់ព័ន្ធនិងសមិទ្ធផល និង សក្តានុពលនានារបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង