បាក់រលំអគារនៅខេត្តកែប៖ រកឃើញជនរងគ្រោះ៥៩នាក់ ក្នុងនោះស្លាប់៣៦នាក់

  • តុល្យ​ការ​ចុង​ក្រោយ​​​ជន​រង​គ្រោះ​ដែល​ក្រុម​ការងារ​បាន​ជួយ​សង្គ្រោះ​យក​ចេញ​​ពី​​គំនរ​​បាក់​​បែក​​នៃ​​​​អគារ​រលំ​មាន​​​ចំនួន​សរុប​៥៩នាក់ ក្នុងនោះបាត់ បង់​ជីវិត​ចំនួន​៣៦នាក់ និង​រងរបួស២៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជន​រងគ្រោះ​នៅ​ក្រោម​គំនរ​បាក់​បែក​អគារ​រលំ​របស់​រដ្ឋបាល​ខេត្តកែប នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ។

    រដ្ឋ​បាល​ខេត្ត​កែប បានបញ្ជាក់ថា ប្រតិ​បត្តិការ​នៃការ​រុក​រក​ជន​រង​គ្រោះ​ប្រើ​រយៈ​ពេល​ជិត​០២ថ្ងៃ ​(៤៣ម៉ោង២០នាទី)​ ចាប់​ពី​ថ្ងៃទី​០៣ ​ដល់​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

    រដ្ឋបាល​ខេត្ត​កែប បញ្ជាក់​ទៀត​ថា ចំពោះ​ជនរង​គ្រោះ​បាត់បង់​ជីវិត ត្រូវ​បាន​ក្រុម​គ្រួសារ​មក​បំពេញ​ឯកសារ​ ដើម្បី​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ តាម​ប្រពៃ​ណី។

    រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត​កែប ក៏បាន​គោរព​ថ្លែង​​អំណរ​គុណ យ៉ាង​ជ្រាល​ជ្រៅ​ជា​ទីបំផុត ចំពោះ​វត្តមាន​សម្តេច​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដឹក​នាំ​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើត​ហេតុ​រយៈ​ពេល​២ថ្ងៃ ២យប់ និងបានឧបត្ថម្ភជាសម្ភារៈ ថវិកា​ផង​នោះ គឺពិ​តជា​បានបង្ហាញនូ​វការ យកចិត្តទុក​ដាក់​ខ្ពស់ ចំពោះ​សុខ​ទុក្ខរ​បស់​បង​ប្អូន​កម្មករ​ជា​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​ក៏ជា​ការ​លើក​ទឹក​ចិត្តដ៏​ធំធេង​ដល់​បង​ប្អូន គ្រប់ក្រុម​ការងារ​ទាំងអស់ ដែល​ចូល​រួមក្នុង​បេសកកម្មរុករក​ជន​រ​ងគ្រោះ​ដោយ​ឧបទ្ទវហេតុដ៏ សែន​អាក្រក់​នេះ។

    ជាមួយគ្នា​នេះ រដ្ឋបាលខេត្តកែប ក៏គោរពថ្លែង​អំណរ​គុណ ចំពោះ​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ទាំង​អស់ ដែល​បាន​ចំណាយ​ពេល​វេលា​ប្រើ​អស់ កម្លាំងកាយ​ កម្លាំង​ចិត្ត ក្នុងការជួយសង្គ្រោះ​ជនរងគ្រោះ​ចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង