កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការងារចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ម្ចាស់រថយន្តគ្រប់ប្រភេទ កុំឲ្យដឹកលើសចំណុះ និង ដាក់ឥវ៉ាន់សំពីងសំពោង ពីព្រោះវាងាយនឹងបង្ករគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ការអំពាវនាវទៅកាន់អ្នកបើកបរនិងម្ចាស់រថយន្តបែបនេះ បន្ទាប់ពីសង្កេតឃើញមានរថយន្តមួយចំនួនមិនចូលរួមគោរពច្បាប់ចរាចរណ៍ នៅតែបំពាន ដោយដាក់ឥវ៉ាន់លើរថយន្តសំពីងសំពោងគ្មានសណ្តាប់ធ្នាប់។

លោក ហ៊ុល វាសនា អនុប្រធានការិយាល័យកណ្តាល ដែលជាអ្នកដឹកនាំការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផ្ទាល់ បានឲ្យដឹងថា ក្រោមការចង្អុលបង្ងាញពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងរយះពេលមួយសប្តាហ៍ កម្លាំងនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបង្ក្រាបរថយន្តដឹកសំពីងសំពោងបានចំនួនជាង១០គ្រឿង យកមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្តទាំងនោះរើឥវ៉ាន់ចេញនិងធ្វើការផាកពិន័យទៅតាមច្បាប់ ៕





