កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៣៣គ្រួសារ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។
ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ បានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារ គ្រោះធម្មជាតិទាំងនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម និងឃីត១កញ្ចប់ ក្នុងនោះមាន មុង១ ភួយ១ សារុង១ និងក្រមា១ មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់១ផ្ទាំង សាប៊ូ៥ដុំ អាវយឺត១ និងថវិកាចំនួន៨០ម៉ឺនរៀលសម្រាប់ប្រជាពលរដ្ឋ រងគ្រោះធ្ងន់ធ្ងរចំនួន០៥គ្រួសារ និងថវិកាចំនួន៤០ម៉ឺនរៀលសម្រាប់ប្រជាពលរដ្ឋរង គ្រោះស្រាល និងមធ្យមចំនួន២៨គ្រួសារ៕











