កំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាកសិករនៅក្នុងស្រុកបរិបូណ៍សម្រេចធ្វើស្រូវវស្សាបានចំនួន ១៨ ៣១០ហិកតា ស្មើនឹង១០០,០៥ភាគរយនៃផែនការចំនួន១៨ ៣០០បិកតា ។ ក្នុងនោះស្រូវស្រាលបង្កើនរដូវអនុវត្តបានចំនួន៤ ២១០ហិកតា ស្រូវកណ្តាលអនុវត្តបានចំនួន៨ ០៥៥ហិកតា ស្រូវធ្ងន់អនុវត្តបានចំនួន៦ ០៤៦ហិកតា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្នុងដំណើរចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវរដូវវស្សា និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបរិបូណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។

លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ក្រៅពីការងារបង្ករបង្កើនផលនិងដាំដំណាំរួមផ្សំនោះ កសិករ នៅក្នុងស្រុកបរិបូរណ៍ កំពុងជោគជ័យលើការចិញ្ចឹមសត្វ ក្រោមការឧបត្ថម្ភពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ (ASPIRE) ។ ដូចជាកសិករំរូ ចាន់ សាមុត នៅភូមិល្វា ឃុំពេជចង្វា ដែលគាត់អាចរកចំណូលបានចន្លោះពី១ ០០០ដូល្លាទៅ១ ៣០០ដុល្លារក្នុងមូយខែ ។ និងកសិករគំរូឈ្មោះសេង សុវណ្ណ នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ចិញ្ចឹមទា យកពង ដោយក្នុងមួយថ្ងៃគាត់ទទួលបានពងទាចំនួន២០០០គ្រាប់ លក់បានក្នុងតម្លៃ៤៥០រៀលក្នុងមួយគ្រាប់ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការចុះពិនិត្យមើលការងារបង្កបង្កើនផលនិងការចិញ្ចឹមសត្វរបស់ប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍នាពេលនេះ គឺក្នុងគោលបំណងជម្រុញនិងលើកទឹកចិត្តដល់ពួកគាត់ឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការផលិតស្បៀងឲ្យសមស្របទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន ៕



