រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ដំណើរ​ការ​មន្ទីរ​សុខា​ភិបាល​នៃ​រដ្ឋបាលខេត្ត

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឱ្យ​ដំណើរ​ការមន្ទីរ​សុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមអធីបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្តខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការរៀបចំពិធីប្រកាសផ្សព្វផ្សាយ​នេះមានគោល​បំណង​ផ្សព្វ​ផ្សាយ​ និង ផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរសុខា​ភិបាល​នៃ​រដ្ឋ​បាល​ខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការ​ផ្តល់​សេវា​​សុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង​ការ​ផ្ទេរ​មុខងារក្នុងវិស័យសុខាភិ បាលទៅឱ្យរដ្ឋបាលខេត្ត។

    ឯកបន្តថា នេះគឺជាការដាក់ឱ្យអនុវត្តនូវរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងលើការផ្តល់​សេវាសាធារណៈ​ដ៏សំខាន់​មួយ​តាម​គោល​ការណ៍​វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលទៅ​ឱ្យរដ្ឋបាល​ខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។ ក្នុង​ន័យ​នេះសំដៅគឺ “ បង្ខិតសេវាឲ្យកាន់តែកៀក និង ដឹងតម្រូវការប្រជាជន ហើយអន្តរាគមន៍ឆ្លើតបកាន់តែឆាប់រហ័ស ” និងរាយ​ការណ៍​ជូនថ្នាក់លើក៏លឿនផងដែរ ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ទៀតថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និង គណៈអភិបាល​ខេត្ត នឹង ក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន អំពីលទ្ធផល​នៃការ​បំពេញការងារពាក់ព័ន្ធ នឹងការផ្តល់សេវាសុខាភិបាលនានា ដែលបានប្រគល់ឱ្យ គឺផ្អែកលើគោលនយោបាយ ផែនការ​យុទ្ធ​សាស្ត្រ​វិ​ស័យសុខាភិបាល ។ ដូច្នេះត្រូវមានគណនេយ្យភាព និង មានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និង គណៈអភិបាល​ខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និង ការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខា​ភិបាលដែល​បាន​ប្រគល់ទៅឱ្យរដ្ឋបាលរាជធានីខេត្ត ។

    ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តគ្រប់ជាន់ថ្នាក់ក៏ដូចជា មន្ត្រីបុគ្គិលិកសុខាភិបាល​ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ និង ត្រូវមានក្រមសីលធម៌ លក្ខណ:សម្បត្តិ ក្នុងការបំពេញការងារ​ព្យា​បាលជូនប្រជាពលរដ្ឋឱ្យបានល្អ ព្រមទាំងបន្តចូលរួមដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ​កូវីដ​-១៩ និង រាល់វិធានការចាំបាច់នានា ផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល សំដៅ​ធានាឲ្យបាននូវសុខុមាលភាពសាធារណៈ និង បញ្ជៀសបាននូវហានិភ័យ នៃរលកទី២ នៃការចម្លងមេរោគ​កូវីដ-១៩ ​នៅ​តាម​សហគមន៍ក្នុងខេត្ត៕ 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង