កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាព រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដាក់ផែនការនិងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីមន្ត្រីយកទៅអនុវត្ត ដែលក្នុងនោះ ឯកឧត្តមបានជម្រុញឲ្យបង្កើន ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសញៀន ល្បែងស៊ីសង និងក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព ៕