កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុក អាជ្ញាធរឃុំ និងក្រុមការងារ បានចុះពិនិត្យដល់ទីតាំងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង នៅតំបន់ស្លាបក្ដោង ត្រពាំងវែង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរដើម្បីពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវ និងសកម្មភាពអន្តរាគមន៍ជួយសង្គ្រោះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្ទៃដីប៉ះពាល់មុនអន្តរាគមន៍សង្រ្គោះ សរុបមានចំនួនប្រមាណ ៣៥០ហិកតា ហើយឯកឧត្តម បានចាត់ឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្ដារប្រឡាយនាំទឹកសង្រ្គោះបានជាបន្តបន្តាប់ ដោយសង្រ្គោះបានប្រមាណ ៣២៥ហិកតានៅសេសសល់ប្រមាណ ២៥ហិចតាទៀត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវការទឹកមកសង្រ្គោះបន្ទាន់បន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានសម្រេចស្ដារប្រឡាយសម្រាប់នាំទឹកមកជួយសង្រ្គោះចំនួន២ខ្សែ ដែលខ្សែទី១ប្រវែង ៥០០ម៉ែត្រ និងខ្សែទី២ ប្រវែង២០០០ម៉ែត្រ អាចនាំទឹកមកស្រោចស្រពស្រែប្រាំងបានចំនួន ៤៥០ហិកតា របស់ប្រជាកសិករប្រមាណ ៣៧៤គ្រួសារ និងផ្ដល់គ្រឿងចក្រដើម្បីស្ដារជូនប្រជាកសិករ នៅភូមិទាំង៤ក្នុងឃុំគោកបន្ទាយផងដែរ ៕











