កំពង់ឆ្នាំង ៖បទល្មើលនេសាទរបាំងស្បៃមុងចំនួន៨កន្លែង និងរបាំងសាច់អួន ចំនួន៥ កន្លែងនៅក្នុងភូមិសាស្ត្រ ស្រុកបរិបូរណ៍ និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល និងសហគមន៍នេសាទ ធ្វើការបង្ក្រាប និងរុះរើបំផ្លាញចោលនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះបានបែងចែកកម្លាំងជា២ក្រុម ។ ក្រុមទី១ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល បានសហការជាមួយកម្លាំងសហគមប៍នេសាទ ភ្លងសែនជ័យនិងសហគមន៍នេសាទភូមិថ្មី បានចុះរុះរើរបាំងស្បៃមុង ត្រង់ចំណុចព្រែកផ្តិល ពាមដៃបីទំនប់ក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី។ និងក្រុមទី២ កម្លាំងរដ្ឋបាលជលផលស្រុកបរិបូរណ៍បានចុះរុះរើរបាំងសាច់អួន នៅចំណុចព្រែកពាមស្ទឹង ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ដោយបានសម្រេចធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។

លោក លី ឡា បានឲ្យដឹងទៀតថា ចំពោះបទល្មើសនេសាទ ដែលត្រូវរុះរើបំផ្លាញចោល មានរបាំងសាច់អួនចំនួន៥កន្លែងប្រវែង១៥០ ម៉ែត្រ លបលូចំនួន៦គ្រឿង និង បង្គោលចំនួន៨០ដើម ។ របាំងស្បៃមុង ចំនួន៨កន្លែងប្រវែង ៣០០ម៉ែត្រ លូស្បៃមុងចំនួន៨គ្រឿង បង្គោល ចំនួន១៥០ដើម និងចាក់លែងត្រីចម្រុះចំនួន ៤០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

លោក លី ឡា បញ្ជាក់ថា នៅក្នុងប្រតិបត្តិការណ៌បង្ក្រាបបទល្មើសនេសាទនេះ មិនមានឃាត់ខ្លួនជនល្មើសណាម្នាក់ឡើយ ។ ពួកគេបានគេចខ្លួនអស់ នៅមុនពេលដែល កម្លាំងជំនាញចូលទៅដល់ ៕











