ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី«រុក្ខទិវា ៩កក្កដា»នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីប្រារព្ធពិធី «រុក្ខទិវា ៩កក្កដា»។

    ពិធីនេះបានរៀបចំធ្វើឡើងនៅ « ស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មានក» ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ នៅក្នុងពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាច្រើនរូបទៀត ។

    បុណ្យព្រៃឈើហៅថា «រុក្ខទិវា» ត្រូវបានរៀបចំឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ រហូតមកដល់ឆ្នាំ២០២៣នេះ ការបង្កើត «រុក្ខទិវា» គឺមានរយៈពេល ៧១ឆ្នាំ មកហើយ ។

    ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់របស់ព្រះបរមរតនកោដ្ឋ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។

    គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធធ្វើនៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ទូទាំងប្រទេស សរុបចំនួន២៩លើក នៅលើផ្ទៃដីទំហំជាង ៤៧០ហិកតា។ «រុក្ខទិវា» ត្រូវបានខកខានប្រារព្ធចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩ ។ ឆ្នាំ២០២២ «រុក្ខទិវា» ត្រូវបានរៀបចំឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង