អណ្តូងទឹកស្អាត កន្លែងលាងដៃ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាស្រែកាច់ ជាអំណោយរបស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុអិលអូអិលស៊ី ត្រូវបានសម្ពោធដាក់ឲ្យប្រើជាផ្លូវការ

  • កំពង់ឆ្នាំង ៖ អណ្តូងទឹកស្អាត កន្លែងលាងដៃអនាម័យ ស្លាកសាលារៀន និងសៀវភៅសិក្សា ត្រូវបានសម្ពោធនិងប្រគល់ជូន ដល់​សាលាប​ឋម​សិក្សា​ស្រែកាច់ ស្ថិតនៅក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោម​អធិប​តី​ភាព លោក​ជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាន​នាយក​ដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកសុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ។

     

    លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានប្រសាសន៍ថា អិលអូអិលស៊ី គឺជា​ស្ថាប័ន​ដែល​មាន​ទស្សនៈ​វិស័យ​សង្គម ហើយតាមរយៈការជួយកសាងអណ្តូងទឹកស្អាត និងកន្លែងលាងដៃអនាម័យនេះ លោកសង្ឃឹមថា នឹងជួយ​លើកកម្ពស់​សុខ​មាល​ភាព អនាម័យ របស់ក្មូយៗដែលកំពុងសិក្សានៅទីនេះ និង ជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យចេះថែរក្សាសុខភាព និង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនាគតរបស់​ពួកគេ​ផងដែរ។​

    លោក ក៏បានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ អិលអូអិលស៊ី តែងតែធ្វើជារៀងរាល់ឆ្នាំ និង មាន​ជា​ច្រើន​កន្លែង​នៅទូទាំង​ប្រទេស​ចាប់តាំង​ពី អិល​អូអិលស៊ី បង្កើតឡើងមក។ សកម្មភាពមនុស្សធម៌របស់អិលអូអិលស៊ី គឺមិនត្រឹមតែការសាងសង់អណ្តូងទឹកស្អាត កន្លែង​លាង​ដៃ​អនា​ម័យ​សម្រាប់​សាលារៀន​នោះទេ អិលអូអិលស៊ី ធ្លាប់ធ្វើសកម្មភាពជាច្រើនទៀតដូចជា ការបរិច្ចាគឈាម ដាំកូនឈើ ជួសជុលផ្លូវ ជួសជុលស្ពាន ដាក់លូ សម្អាតសាលារៀន រើសសម្រាម អប់រំអំពីការធ្វើអនាម័យនិងបរិស្ថាន អប់រំអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ព្រម​ទាំង​ផ្តល់​សៀវភៅ​ បង់ថ្ម ធុងចម្រោះទឹក ដល់សាលារៀននានានៅតាមទីជនបទផងដែរ។

    នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍​​ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានផ្តាំផ្ញើទៅក្មួយសិស្សានុសិស្សទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះ​គ្រឿង​ញៀន​​វាបំផ្លាញ​សុខភាព បំផ្លាញអនាគតក្មួយៗ ក៏ដូចជាបំផ្លាញក្រុមគ្រួសារ និងសង្គមជាតិផងដែរ ហើយការផលិត ការចរាចរ ការក្សាទុក ការ​ជួញ​ដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គឺជាអំពើខុសច្បាប់។

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត កន្លែងលាងដៃអនាម័យ និងស្លាកសាលារៀនផងនោះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវសេចក្តីអំណរ និង រីករាយចំពោះអំណោយដ៏ថ្លៃថ្លានេះ ហើយ​លោក​​ជំទាវ បានលើកទឹកចិត្តឱ្យក្មួយត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងធ្វើជាមូលដ្ឋានក្នុងការក៏សាងអនាគត ក៏ដូចជាសង្គមជាតិ ហើយ​ក្មួយមានឱ្យកាសបានចូលរៀននៅថ្ងៃនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

    លោកជំទាវក៏បានថ្លែងអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលបាន​ផ្តល់ជា​អំ​ណោយដ៏មាន​សារៈ​ប្រយោជន៍​ដល់សាលា​បឋម​សិក្សា​ស្រែកាច់ ​និង សហគមន៍​នៅថ្ងៃនេះ។​

    ជាមួយគ្នានេះផងដែរគណៈអធិបតីនិងលោកគ្រូអ្នកគ្រូទាំងអស់ក៏បានរួមគ្នាដាំកូនឈើប្រណិតជាច្រើនដើមនៅក្នុងបរិវេណសាលារៀនបឋមសិក្សាស្រែកាច់ ដើម្បីទុកជាប្រយោជន៍ដល់សាលា និងក្មេងៗជំនាន់ក្រោយទៀត។

    គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅ កម្ពុជា ដែលកំពុងផ្តល់​សេវាហិរញ្ញវត្ថុ​ដល់​អតិថិជ​ន​ប្រមាណ ៣០ម៉ឺននាក់នៅទូទាំងប្រទេស។ គិតរហូតមកដល់បំណាច់ឆ្នាំ២០១៩ អិលអូអិលស៊ី មានទ្រព្យសកម្មជាង១ពាន់លានដុល្លារ មានផលប័ត្រឥណទានជាង ៧៧៨លានដុល្លារ មានសមតុល្យប្រាក់បញ្ញើជាង ៣៣៨លានដុល្លារ និងមានបុគ្គលិកជាង ២៧០០នាក់។ ជាង​នេះ​ទៅ​ទៀត អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទីមួយនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រលើកិច្ចការពារអតិថិជនពីស្ថាប័នអន្តរជាតិ Smart Campaign ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង