រយះពេល៣០ឆ្នាំកម្ពុជារំដោះផ្ទៃដី ពីការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះ ពីសង្គ្រាម បានចំនួនជាង២០០០ គីឡូម៉ែត្រក្រឡា

  • កំពង់ឆ្នាំង ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថារយះពេល៣០ឆ្នាំ កម្ពុជាបានរំដោះផ្ទៃដី ពីការគម្រាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន២ ៥៥៤ គីឡូម៉ែត្រក្រឡាដោយរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះរាប់លានគ្រាប់ ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីន នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។

    ឯកឧត្តម លី ធុជ បានថ្លែងឲ្យដឹងទៀតថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសនៅលើពិភពលោក ដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌

    ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ។ ជាប្រទេសឈានមុខគេ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេសដែលមានផ្ទៃដី បោសសម្អាតមីនរួចធំជាងគេផងដែរ ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា  ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងប្រកបដោយទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងសកម្មភាពមីន និងតែងតែចាត់ទុកសកម្មភាពមីន ជាការងារអទិភាព ដ៏ចំបងនៅក្នុងសកម្មភាពស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ច ដោយត្រូវបញ្ឈប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ។

    សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង មានផ្ទៃដីជាង៧គីឡូម៉ែត្រក្រឡាត្រូវបានបោសសម្អាតរួច ដោយរកឃើញនិងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្សចំនួន២ ៨៥២គ្រាប់, មីនប្រឆាំងរថក្រោះចំនួន៥០គ្រាប់,និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន៣៥ ៤២៨គ្រាប់ ដោយអង្គភាពស៊ីម៉ាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង