រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសណែនាំឱ្យទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រោះទិវានេះមិនមែនជាប្រពៃណីខ្មែរឡើយ។
យោងតាមសេចក្ដីណែនាំរបស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ក្រសួងបានបញ្ជាក់ថា៖ «ទិវានេះពុំមែនជាប្រពៃណីរបស់ ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ»។
ក្រសួងបានបញ្ជាក់ថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ បានធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ ជាពិសេស ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ការអប់រំសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
ជាមួយគ្នានោះ ត្រូវជំរុញដំណើរការរបស់ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ព្រមទាំង ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា៕