កំពង់ឆ្នាំង៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈពេលកំពុងធ្វើដំណើរចុះបំពេញការងារនៅមូលដ្ឋាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍ចៃដន្យនៅចំណុចមុខអនុវិទ្យាល័យ និងសាលាបឋមសិក្សាស្រះកែវ ក្នុងឃុំមេលំ ស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យរបួសកុមារាម្នាក់។

ភ្លាមៗ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជួយសម្របសម្រួលនៅហ្នឹងកន្លែងកើតហេតុ បញ្ជាឲ្យរថយន្តផ្ទាល់ខ្លួនរបស់ឯកឧត្តម ដឹកកុមាររងគ្រោះមកមន្ទីរពេទ្យ និងបានជូនថវិកាមួយចំនួនដល់គ្រួសារកុមាររងគ្រោះផងដែរ។
ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម បញ្ជាក់ថាភាគីទាំងពីរបានឯកភាពស្រុះស្រួលគ្នាទទួលយកដំណោះស្រាយសមស្របអាចទទួលយកបានទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា និងបន្ថយល្បឿន ពេលធ្វើដំណើរដល់តំបន់ទីប្រជុំជន មុខសាលារៀន មន្ទីរពេទ្យជាដើម ៕












