កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា ជានាយខណ្ឌ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានចុះល្បាតតាមដងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកជលគិរី ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ។

លោក លី ឡា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ មានកម្លាំងចំនួន១៨នាក់ ប្រើប្រាស់មធ្យោបាយកាណូតចំនួន៥គ្រឿង បានចុះទៅកាន់ភូមិសាស្ត្រភូមិឬស្សីដង្កួច និងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី បានប្រទះឃើញមានបទល្មើសនេសាទរបាំងសាច់អួន និងរបាំងស្បៃមុង ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។

លោក លី ឡា បានឲ្យដឹងទៀតថា ជាលទ្ធផលកម្លាំងជលផលបានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនចំនួន៥កន្លែង ប្រវែង៧៥០ម៉ែត្រ លបលូសាច់អួន៦មាត់ បង្គោល៣០០ដេីម និងចាក់លែងត្រីចម្រុះចំនួន៣០គីឡូក្រាម ។ របាំស្បៃមុងចំនួន៨កន្លែង ប្រវែង១ ៤០០ម លូស្បៃមុង៨មាត់ បង្គោល ១២០ដេីមនិងចាក់លែងត្រីចម្រុះ ល្អិតៗ ចំនួន៥០គីឡូក្រាមទៅក្នុងដែនទឹកធម្មជាតិវិញ ៕











