លោក ធឿង ស៊ីម ជាជាងទូកចែវដ៏ល្បីល្បាញមួយរូបក្នុងចំណោមជាងទូកល្បីៗដទៃផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។ លោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ពីទឹកដៃរបស់លោក តាមរយៈការធ្វើទូកចែវឲ្យវត្តវិហារហ្លួង ក្នុងស្រុកបរិបូណ៌ ដែលមានឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ នៅក្នុងឆ្នាំ២០០៧ ។
លោក ធឿង ស៊ីម កើតក្នុងឆ្នាំ១៩៤៩ នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកាលនោះឃុំកោះថ្កូវ ស្ថិតក្រោមរដ្ឋបាលគ្រប់គ្រង់របស់ស្រុកកំពង់ត្រឡាច មុនកាត់ចូលមកក្នុងស្រុកជលគិរី នាពេលបច្ចុប្បន្ន។ លោកមានភរិយា និងកូន៨នាក់ ។
ដំបូងឡើយ លោក ធឿង ស៊ីម ជាជាងទូកនេសាទធម្មតា ក្រោយមកនៅអំឡុងឆ្នាំ១៩៩៨ គណៈកម្មការវត្តកោះថ្កូវ ក៏បានហៅរូបលោកឲ្យទៅជួសជុលទូកប្រណាំងមួយដែលមានឈ្មោះពេជ្ររស្មីសិរីសោភ័ណ្ឌ ។ គ្រានោះរូបលោក ធឿង ស៊ីម បានសំណូមពរឲ្យគណៈកម្មការទិញឈើមកបន្ថែម ដើម្បីធ្វើទូកថ្មីមួយគ្រឿងទៀតឲ្យបានចំនួន២ទូក។ ទូកថ្មីនោះ ត្រូវបានដាក់ឈ្មោះថា ពេជ្ររស្មីសិរីសោភា។

កេរ្តី៍ឈ្មោះរបស់ លោក ធឿង ស៊ីម ត្រូវបានរីកសុះសាយល្បីល្បាញជាបន្តបន្ទាប់ រហូតដល់អ្នកស្រុកបរិបូណ៌ បានអញ្ជើញរូបលោកទៅធ្វើទូកថ្មីមួយគ្រឿងនៅឆ្នាំ២០០៧ ដែលមានឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ។ ទូកនេះហើយ ដែលធ្វើអោយក្នុងពិភពអ្នកលេងទូកចែវក្នុងខេត្តកំពង់ឆ្នាំង កាន់តែស្គាល់រូបកាន់តែច្បាស់។
លោក ធឿង ស៊ីម បានទទួលមរណភាពដោយរោគាពាធ នៅអំឡុងខែកញ្ញា ឆ្នាំ២០១២ ។
ទូកដែលជាងស៊ីម បានធ្វើរួមមាន សិរីសោភា នៅអំឡុងឆ្នាំ១៩៩៨ សន្ទុះរាជសីហ៍បារមីមានរិទ្ធិនៅឆ្នាំ២០០០ សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយឆ្នាំ២០០៣ អធិរាជសែនជ័យបារមីកោះពេជ្រ នៅឆ្នាំ២០០៦ ម៉ារីមសែនជ័យបារមីចំប៉ីស្រះចក នៅឆ្នាំ២០០៦ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយនៅឆ្នាំ២០០៧ កសិកម្មសែនជ័យបារមីចំប៉ាស្រះចក នៅឆ្នាំ២០១០ និងធ្លាប់ជួសជុលកែទូកក្នុងខេត្តកំពង់ឆ្នាំងមួយចំនួនទៀតផងដែរ៕