កំពង់ឆ្នាំង៖ របាំងសាច់អួន១១កន្លែង និង របាំងស្បៃមុង១២កន្លែង ដែលជនល្មើសដាក់ស្ទាក់ចាប់ត្រីនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកបរិបូរណ៍ ស្រុកកំពង់លែង និង ស្រុករលាប្អៀរ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប និង ធ្វើការរុះរើបំផ្លាញចោល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា របាំងសាច់អួន១១កន្លែង ដែលត្រូវរុះរើបំផ្លាញចោលនេះ មានប្រវែង៤០០ម៉ែត្របង្គោល៤០០ដើម និង លូសាច់អួន១៨មាត់ ។ ដោយឡែករបាំងស្បៃមុង១២កន្លែង ប្រវែង៤៨០ម៉ែត្រ លូស្បៃមុង១២មាត់ បង្គោលចំនួន២៤០ដើម និង ចាក់លែងត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញ ចំនួន៤០គីឡូក្រាម. ។

លោក លី ឡា បានឲ្យដឹងទៀតថា បទល្មើសនេសាទនៅក្នុងរដូវនេះ ភាគច្រើនមាន របាំងសាច់អួននិង របាំងស្បៃមុង ។ ប៉ុន្តែបច្ចុប្បន្នមានការថយចុះជាងពេលមុន ដោយសារកម្លាំងជំនាញជលផល បានសហការជាមួយអាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចនិង សហគមនេសាទចុះបង្ក្រាប ជាបន្តបន្ទាប់ ៕











