កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវប្រាំង បានលើផ្ទៃដីចំនួន១៨ ៨៤៨ហិកតាហើយ ។ នៅក្នុងខណៈពេលដែល
ប្រជាកសិករកំពុងប្រមូលផលស្រូវប្រាំងគេសង្កេតឃើញតម្លៃស្រូវ មិនទាន់មានការធ្លាក់ចុះនោះទេ ។បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ តម្លៃស្រូវប្រហាក់ប្រហែលគ្នា ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តម្លៃស្រូវឆ្នាំនេះល្អជាងឆ្នាំមុន ដោយតម្លៃស្រូវចម្រុះស្ងួត ជាមធ្យម ១ ១០០រៀល ក្នុងមួយគីឡូក្រាមខ្ពស់ជាឆ្នាំមុន៥០រៀល ក្នុងមួយគីឡូក្រាម ។ ស្រូវក្រអូបស្ងួតតម្លៃ ១ ២៨០រៀល ក្នុងមួយគីឡូក្រាមគឺប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០២១ ដែរ ។

លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវប្រាំង បានចំនួន ១៨ ៨៤៨ហិកតាហើយ ដោយទទួលបានទិន្នផលជាមធ្យម ៤ ៤២៧ គីឡូក្រាម ក្នុងមួយហិកតា ៕