អាជ្ញាធ​រ​ជាតិ​​អប្សរា​ កំពុង​​ដំណើរ​​ការ​រៀប​​ចំ​វង់​ទស្សនា​ថ្មី​នៅប្រាសាទ​​នាគព័ន្ធ

  • វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ​ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយ​តម្លៃនៃប្រាសាទ​ជាស្នាដៃ​ក្នុងរាជ្យ​​ព្រះបាទ​​​ជ័យ​​វរ្ម័ន​​ទី៧ ដែល​តាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យ​តដាក(បារាយណ៍ខាងជើង) ព្រមទាំង​ផ្តល់ជូនភ្ញៀវ​ទេសចរនូវ​បទពិសោ​​ធន៍​​ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។
    លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មី​នៅប្រាសាទ​នាគព័ន្ធនេះគ្រោង​រៀបចំ​ជា៣ប្រភេទ ដែលក្នុងនោះមាន៖
    -ខ្សែទស្សនាក្នុងប្រាសាទ៖ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ។
    – ខ្សែទស្សនាក្រៅប្រាសាទ៖ ជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែ​​ទស្សនា​​​នេះ នឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ពន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំង​​​ទេសភាព​​​ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។
    -ខ្សែទស្សនាសម្រាប់ទេសចរជិះទូក៖ ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនា​ពិ​សេ​ស​មួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទ​មានជីវិត​រស់​​ឡើង​​​​​​​វិញផងដែរ។ ត្រង់ចំណុចនេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះ​ថា​​ភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័នមកឈប់ចតនៅផែខាងលិចនៃនាគ​​ព័ន្ធ​​ដើម្បី​​ឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួន​បណ្តុះ​​​កូនរុក្ខជាតិ​​ក្រាំងក្រូច និងប្រាសាទតាសោម។
    លោក សេង សុធារ៉ា ក៏បានបញ្ជាក់ដែរថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញក៏ត្រូវបានគិតគូរផ្លូវទស្សនាជូនប្រកបដោយ​​​សុវត្ថិភាព អាចគយគន់ ​និងផ្តិតយករូបភាពប្រាសាទបានផងដែរ។ យ៉ាង​ណាមិញ សំណើខ្សែទស្សនាខាងលើ នឹងត្រូវដាក់​ជូន​អ្នក​​ជំនាញ​ការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យវាយតម្លៃ អនុម័តមុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពា​ន​ប្រាសាទ​​នាគ​​ព័ន្ធត្រូវបានស្ថាបនារួច៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង