រាជធានី​​ភ្នំពេញ និងក្រុង Metz នៃប្រទេស​បារាំង​ គ្រោង​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​គ្នា

  • ក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបា​ល​ក្រុង Metz នៃប្រទេសបារាំង នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ គឺទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា នៅពេលដ៏ខ្លីខាង មុខ​នេះ ពោលគឺក្រោយពីរាជរដ្ឋាភិ​បាល បានសម្រេ​​ចជាឯកច្ឆន្ទ។ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយនិង​​ទីក្រុង​ជា​ច្រើន​ នៅក្នុងនោះ មានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន នៅប្រទេសថៃ ប្រទេស វៀតណាម ជាដើម។ ការចងសម្ព័ន្ធមេត្រីភាពនេះ នឹង​ផ្ដល់​ផល​​​​ប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យវប្បធម៌, វិស័យអប់រំ វិស័យគមនាគមន៍និងបរិស្ថានជាដើម ដោយយើងមិនបានគិតថា ជាទី​ក្រុងតូច ឬទីក្រុងធំ នោះទេ។

    ឯក​ឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលក្រុងម៉េសរបស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេច ក្នុងការ​ចង​សម្ព័ន្ធ​មេត្រី​ភាពនេះ។ ក្រោយការពិនិត្យ និងសម្រេចហើយនោះ ទីក្រុងទាំង ២ នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ជាផ្លូវការ។

    ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកឡើងពីប្រវត្តិសាស្ត្រ របស់កម្ពុជានៅក្នុងរបបប៉ុលពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែ​​ក្រោម​​ការ​​​​​ដឹក​នាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមួយនេះ ដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍រីកចម្រើន ដូច​សព្វ​បច្ចុ​ប្ប​ន្ននេះ។

    ក្នុងឱកាសនោះដែរឯកឧត្តម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុង Metz បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជា និងប្រទេស​បារាំង គឺជាប្រទេសដែលជាមិត្តភក្កិ ដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុង និង​ទី​ក្រុង​ វានឹងធ្វើឲ្យយើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាត និងគមនាគមន៍​ជា​ដើម។ ទីក្រុងយើងទាំងពីរ និងចងសម្ព័ន្ធមេត្រីភាព នឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។

    បន្ថែមពីនេះទៀត ឯកឧត្តម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសម្ដែងនូវការកោតសរ សើរ ចំពោះប្រទេសកម្ពុជា ដែលបានរំដោះខ្លួន​ចេញ​ពី​​របបប៉ុលពត។ ឯកឧត្តម បញ្ជាក់ថា នៅកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍ​រីក​​ចម្រើន។ ឯកឧត្តម មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា។ ជាក់ស្ដែង អ្វីដែលលោកបានមើលឃើញ គឺចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់​ពេល​​នេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់កាល នៃការរីករាលដាលជំងឺ-១៩ ក៏ដោយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង