ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ អនុវត្តវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី។ សេចក្តីណែនាំនេះ ត្រូវបានដាក់ចេញស្របពេលដែលមានការរកឃើញថា បុរសជនជាតិចិនម្នាក់ កំពុងផ្ទុកជំងឺផ្លូវដង្ហើមថ្មីនេះ នៅខេត្តព្រះសីហនុ។
តាមសេចក្តីអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្ថែម លើខ្លឹមសារសេចក្តីជូន ព័ត៌មានរបស់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិក អប់រំ និងអ្នកសិក្សាឲ្យអនុវត្តនូវវិធានមួយចំនួន។
វិធានការទាំងនោះ រួមមាន ចៀសវាងប៉ះពាល់អ្នកជំងឺផ្លូវដង្ហើម ដែលមានអាការៈ ដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ និងត្រូវរក្សាចម្ងាយច្រើនជាង ១ម៉ែត្រពីបុគ្គល ដែលមានរោគសញ្ញាទាំងនេះ។ ចៀសវាងការទៅទីផ្សារលក់សត្វរស់ ឬទៅកសិដ្ឋានចិញ្ចឹមសត្វ ឬប៉ះពាល់សត្វព្រៃ ដែលសង្ស័យថា មានមេរោគឆ្លង។
ចៀសវាងការខាកស្តោះ ក្នុងបន្ទប់សិក្សា គ្រឹះស្ថានសិក្សា ឬទីសាធារណៈ។ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ មាត់ បន្ទាប់ពីប៉ះពាល់សត្វ និងផលិតផលសត្វ សត្វឈឺ សាច់ខូចគុណភាព ជាដើម។
ក្រសួងអប់រំ បានណែនាំទៀតថា ត្រូវលាងដៃឲ្យបានទៀងទាត់ និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល បន្ទាប់ពីប៉ះពាល់អ្នកដែលមានអាការៈ គ្រុនក្តៅ កណ្តាស់ ឬផ្តាសាយ។ ត្រូវលាងដៃ បន្ទាប់ពីប៉ះពាល់ជាមួយសំបោរ ឬទឹករំអិលពីផ្លូវដង្ហើម។
ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សវុត្ថិភាពចំណីអាហារ ដោយបរិភោគអាហារ ដែលឆ្អិនល្អ ជាពិសេសសាច់ និងស៊ុត។ ត្រូវប្រើជ្រុញដាច់ដោយឡែកពីគ្នា រវាងអាហារឆ្អិន និងឆៅ។
ប្រសិនបើមានសិស្ស មានអាការៈ ដូចជា គ្រុនក្តៅ ក្អក កណ្តាស ឬផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ត្រូវជូនដំណឹងទៅអ្នកអាណាព្យាបាល ដើម្បីបញ្ជូនទៅរកសេវាព្យាបាលទាន់ពេល វេលា និងត្រូវអនុញ្ញាតឲ្យសម្រាកពីការសិក្សា រហូតដល់ជាសះស្បើយ៕