ករណីភ្លើងឆេះឃ្លាំងក្នុងរោងចក្រនៅក្រុងព្រះសីហនុ សមត្ថកិច្ចប្រើទឹក១២០ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង, មូល ហេតុ មកពីឆ្លងចរន្ដអគ្គិសនី

  • ករណីអគ្គិភ័យឆេះឃ្លាំងស្ដុកអំបោះ របស់រោងចក្រលីនស៍តិចថាយ៍ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង១០០ភាគរយ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃដដែល។

    ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះថា រោងចក្រដែលរងគ្រោះដោយអគ្គិភ័យនេះ មានអ្នកគ្រប់គ្រងជាជនជាតិចិន ឈ្មោះហ៊ា ហ៊ីម ភេទប្រុស អាយុ៦៣ឆ្នាំ។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ ឈ្មោះខៀវ ចំរ៉ុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរសន្តិសុខយាម នៅទ្វារខាងមុខរោងចក្រ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានផ្សែងហុយ ចេញពីក្នុងឃ្លាំងដែលចាក់សោរបិទទ្វារជិត អត់មានកម្មករធ្វើការ ពេលនោះគាត់បានឲ្យរដ្ឋបាលយកសោរចាក់បើកទ្វាឃ្លាំង ក៏ឃើញមានភ្លើងឆេះ រួចរាយការណ៍ឲ្យសមត្ថកិច្ចមក ជួយអន្តរាគមន៍តែម្ដង។

    ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង បានចេញអន្ដរាគមន៍សង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ចំនួន១២០ឡាន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង