កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ដែលជាអាជីវករ កសិករ កម្មករ អ្នកនេសាទ សិស្ស មន្ត្រីរាជការ និងពលករមកពីប្រទេសថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែសីហានេះ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៨នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៨នាក់ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ៕
អត្ថបទ៖ សុគន្ធារី


