កណ្ដាល៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងសាំងរបស់ឈ្មោះហ៊ ឡៃផេងនិងប្ដីឈ្មោះ ងី មានផល ស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ។

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថាក្នុងហេតុការណ៍នេះបណ្ដាលឲ្យឆាបឆេះរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈ ចំនួន០២គ្រឿង និង ឆេះស៊ីទែនប្រេងឥន្ធនៈចំនួន៣ស៊ីទែន ប៉ុន្ដែគ្មានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ។

ប្រភពបានរៀបរាប់បន្តថា ក្រោយទទួលព័ត៌មានភ្លាម កម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យការិយាល័យខេត្ត, រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស, រថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋាន សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលព្រែកគយ, កម្លាំងស្រុកស្អាង អាជ្ញាធរប្រជាការពារ ប្រើប្រាស់ទឹក២២រថយន្តទើបរលត់ជាស្ថាពរ ។

តាមប្រជាពលរដ្ឋរស់នៅស្រុកស្អាង បានបញ្ជាក់ថា ទីតាំងលក់សាំងរបស់ថៅកែ២នាក់ប្ដីប្រពន្ធនេះ មានទីតាំងស្ថិតនៅត្រង់ផ្លូវកែងជាប់នឹងផ្ទះប្រជាពលរដ្ឋ ហើយបង្កប់ស៊ីទែនសាំងធំៗ នៅគៀកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋតែម្ដង ដែលបង្កឲ្យមានការភ័យខ្លាច ហើយពលរដ្ឋបានប្ដឹងជាយូរមកហើយ តែគ្មានដំណោះស្រាយនោះឡើយ ៕











