កូនដំរីញី ដែលប្រទះឃើញនៅដែនជម្រកសត្វព្រៃភ្នំព្រេច បានស្លាប់ហើយនៅថ្ងៃទី២០ មករានេះ

  • កូនសត្វដំរី​ព្រៃ​ញី​មួយក្បាលដែល​​មាន​អាយុប្រហែល​១សប្ដាហ៍​ មាន​អាការៈ​ស្គម​ស្គាំង​ដែល​ប្រទះ​ឃើញ​ដេកដួល​នៅ​ចំណុច​ព្រៃសា​ក្រឹត​ ខេត្ត​មណ្ឌល​គិរី បាន​ស្លាប់ហើយ​នៅវេលាម៉ោង៣​ទៀបភ្លឺ ថ្ងៃទី២០​ ខែមករា​នេះ ​ដោយសារ​តែស្ថានភាព​ធ្ងន់ធ្ងរ​មិន​អាច​សង្គ្រោះ​បាន​។​ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​​របស់​មន្ទីរ​ប​រិស្ថាន​​ខេត្តមណ្ឌលគិរី ​នៅថ្ងៃ​ទី​២០ ​ខែមករា​ ឆ្នាំ២០២០នេះ។

    មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​អោយ​ដឹងថា ក្រុម​ការងារ​បាន​ធ្វើអន្តរាគមន៍​ជួយ​សង្គ្រោះ​ភ្លាមៗ​ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​ដៃគូ​ ដែល​អាច​ធ្វើ​ឲ្យកូន​សត្វដំរី​ព្រៃ១​ក្បាល​នេះ​ងើបឈរ​ និង​ដើរ​បាន​។ ចាប់​ពីយប់​ថ្ងៃទី​១៧-​១៨​-១៩​ ខែ​មករា​ ឆ្នាំ២០២០ ​ក្រុមការងារ​បាន​ខិតខំ​ជួយ​ សង្គ្រោះ​ដោយ​បន្ត​ការ​ថែទាំ​ យ៉ាង​យកចិត្ត​ទុក​ដាក់​បំផុត​ ដើម្បី​អាច​ឲ្យ​កូន​សត្វដំរី ​១ក្បាលនេះ​ ឆាប់​ជា​សះស្បើយ​ពី​ស្ថាន​ភាព​ជំងឺ។ ​ជា​អកុស​ល​នៅ​វេលា​យប់​ថ្ងៃទី១៩​ ខែមករា ​ឆ្នាំ២០២០​ កូន​សត្វដំរីព្រៃ​១ក្បាល​នេះចាប់​ផ្ដើម​អស់កម្លាំង ​លែង​កម្រើក ​លែង​ទទួល​ចំណី ​និង​ទឹក​ រហូត​ដល់​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ២០២០​ ស្ថានភាព​ និង​អាការៈ​រោគ​សញ្ញា​ជំងឺ​របស់​កូន​សត្វដំរី​១​ក្បាល​នេះ បាន​បាត់​បង់​ជីវិត​គួរ​ឲ្យ​សង្វេគ​។

    មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ និង​ក្រុមការងារ​ជួយ​សង្គ្រោះ​ទាំងអស់ ​ក៏​បាន​សម្តែង​កា​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​កូន​សត្វ​ដំរីព្រៃ​ញី​ចំនួន​១ក្បាល​នេះ​។ បើតាម​ការ​សន្និដ្ឋាន​រ​បស់អ្នក​ជំនាញ​ មូលហេតុ​ធ្វើ​ឱ្យមេ​ និង​ហ្វូង​របស់​កូនសត្វដំរី​ព្រៃ​១​ក្បាល​នេះ​ សម្រេច​ដើរ​ចាក​ចោល​កូន​ដំរី​នេះ​ ដោយ​សារ​តែ​ស្ថាន​ភាព​ និង​ការ​វិវត្ត​នៃ​អាការៈ​ជំងឺ​របស់​កូន​ដំរី​នេះ​ មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​បាន។​

    គួរ​បញ្ជាក់​ថា កូន​សត្វដំរី​ព្រៃ​ញី​មួយ​ក្បាល​នេះ ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ​ប្រទះ​ឃើញ​កាល​ពីព្រឹក​ថ្ងៃទី១៧ ​ខែមករា​ ក្នុង​ស្ថាន​ភាព​ហត់​អស់ ​កម្លាំងខ្លាំង​ និងមាន​ជំងឺ​នៅ​ត្រង់​អវយវៈ​ពោះ ​និងមាត់​ ស្ថិតនៅ​​ក្រោមប​រិយាកាស និងអាកាស​ធាតុក្ដៅ។ នៅ​គ្រា​ដែល​ម​ន្ត្រី​ប្រទះ​ឃើញ​​កូនដំរី​នោះភ្លាម​ មន្ត្រីជំនាញ​​​ក៏បាន​​ផ្តល់ទឹក​ និង​ជួយ​សង្គ្រោះ​ថែ​ទាំ ​និង​ផ្តល់​​ចំណី​នៅ​​នឹង​កន្លែង​ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង