កំពង់ឆ្នាំង ៖ ករណីអគ្គិភ័យឆេះផ្ទះស្លាប់មនុស្ស៥នាក់ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ជាករណីឃាតកម្ម ។ ឃាតក គឺជាប្តីនិងជាឪពុក ត្រូវបាននគរបាលឃាត់ខ្លួនរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឃាតក បានដុតសម្លាប់ប្រពន្ធនិងកូន មានឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ ។ គ្រួសារនេះមានជម្លោះជាញឹកញាប់ នៅមុនពេលកើតហេតុជនសង្ស័យជាប្ដីនៅលើឡៅតឿ កំពុងតែកាច់បាយសីគ្រូ ដោយមានកាន់កន្ត្រៃ នៅនឹងដៃផង។ ចំណែកកូនច្បងអាយុ៩ឆ្នាំ ដេកមើលទូរទស្សន៍ ហើយកូនអាយុ៧ឆ្នាំ២នាក់ ទៀតជាកូនភ្លោះ ក៏នៅលើឡៅតឿដែរ។ ពេលនោះជម្លោះរវាងប្ដីប្រពន្ធបានកើតឡើងជាថ្មីម្ដងទៀត ដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរនិងដៀលទៅលើបុរសជាប្ដីដដែលៗនិងជាច្រើនដងនិង បានឡើងទៅលើឡៅតឿ ជាមួយកូនតូចអាយុ២ឆ្នាំម្នាក់ទៀត។
ពេលនោះដោយទប់កំហឹងខឹងមិនបាន បុរសជាប្ដី ក៏បានចាប់បោចសក់ប្រពន្ធផ្ងារមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងខាងស្ដាំចំនួន៣កន្ត្រៃ បណ្តាលឲ្យដួលសន្លប់ និង ទាត់កូនតូចអាយុ២ឆ្នាំ បណ្តាលឲ្យសន្លប់ទៀត ហើយបុរសជាប្ដីបានដុតពូកនៅលើឡៅតឿ រួចចុះមកក្រោម ដុតអីវ៉ាន់នៅខាងក្រោមទៀត និងឈរមើលរហូតដល់ភ្លើងឆេះខ្លាំងក្នុងផ្ទះ អាចល្មមថាមិនមានអ្នកណារស់ ទើបបុរសជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ ។
បន្ទាប់ពីអណ្ដាតភ្លើងឆេះសន្ធោសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បានមកដល់ ហើយបានស្រែកហៅគេឲ្យជួយ ខណៈដែលបុរសជាប្ដីនៅឈរមើល ធ្វើមិនដឹងហើយក៏មានមនុស្ស៤ទៅ៥នាក់បាននាំគ្នាជួយពន្លត់តែមិនអាចជួយបានឡើយ។
លោកឧត្តមសេនីយត្រី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តថា ក្រោយការធ្វើកោសលវិច្ច័យ នគរបាលបានពិនិត្យឃើញថា ម្ដាយនិងកូនតូចអាយុ២ឆ្នាំ ពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមនោះទេ មានន័យថាមនុស្ស២នាក់នេះបានស្លាប់មុនពេលភ្លើងឆេះផ្ទះ។
គួរំលឹកថា កាលយប់ម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី ។ ហេតុការណ៍ឆេះនេះ បានបណ្តាលឲ្យមនុស្សចំនួន៥នាក់ បានស្លាប់៕











