កំពង់ឆ្នាំង ៖ កម្មករកម្មការនីចំនួន១០៥នាក់ បម្រើការងារនៅរោងចក្រហ៊ីរ៉ាយហ្សិន ខេមបូឌា ដែលមានទីតាំងនៅក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវិដ.១៩លទ្ធផលតេស្តលើកទី១ អវិជ្ជមានទាំងអស់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២១ ខែមេសា នេះ ។

លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនក្រុមគ្រូពេទ្យមយក្រុមចុះយកសំណាកកម្មករ កម្មការនីចំនួន១០៥នាក់ បំរើការងារនៅរោងចក្រហីរ៉ាយហ្សិន ខេមបូឌា ដែលពួកគាត់ជាអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយស្រ្តីឈ្មោះហង់ ស៊ីម អាយុ៤២ឆ្នាំនិងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះរៀម សារ៉ាក់ អាយុ១៨ឆ្នាំ ដែលមានវិជ្ជមាន កូវិដ.19 ។ ស្ត្រីឈ្មោះហង់ ស៊ីមនិងកូនប្រុសរបស់គាត់ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាកម្មករ កម្មការនីទាំង១០៥នាក់ ក្រោយពីយកសំណាកហើយ ត្រូវដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក នៅអគារមួយជាន់ទី៣ ក្នុងរោងចក្រហីរ៉ាយហ្សិន ខេមបូឌា នេះតែម្តង ។ ហើយសម្រាប់លទ្ធផលតេស្តលើកទីមួយនេះ គឺអវិជ្ជមានទាំងអស់៕