កំពង់ឆ្នាំង៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មានមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ១៥៣២នាក់ ក្នុងនោះស្រី ៥១៩នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ នៅមន្ទីរពេទ្យទាំង៣កន្លែងក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជ:បណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិ ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់នៅថ្ងៃទី០៩ ខែមីនានេះ មានមន្ត្រីសុខាភិបាល និង កងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ២១៩នាក់ ក្នុងនោះស្រី ១៣៩នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១។

គួរបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំងជំហានដំបូង ទទួលបានវ៉ាក់សាំងចំនួន៧២៥០ដូស និង ចាប់ផ្តើមចាក់ពីថ្ងៃទី១ ខែមីនានេះតទៅ ដោយចាក់លើ បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ ដូចជាអភិបាលរងខេត្ត អភិបាល-អភិបាលរងស្រុក/ខណ្ឌ គណកម្មការភូមិ-ឃុំ-សង្កាត់ ដែលមានអាយុពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ចំពោះទីតាំងសម្រាប់ចាក់វ៉ាក់សាំង ធ្វើឡើងនៅ៣កន្លែង គឺ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និង មន្ទីរពេទ្យបង្អែកបរិបូណ៍ ៕











