កំពង់ឆ្នាំង ៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រាប់ទៅថ្នាក់ដឹកនាំមន្ទីរ ការរិយាល័យ និង មន្រ្តីក្រោមឱវាតទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ដែលជាជំងឺដ៍កាចសាហាវ ។ ការក្រើនរំលឹករបស់ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និង ថ្នាក់ដឹកនាំការិយាល័យជំនាញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម ម៉ម ឈឿម បានបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាព សុខមាលភាព របស់មន្រ្តីក្រោមឱវាទ ឲ្យចៀសផុតជំងឺកូវីដ១៩ ថ្នាក់ដឹកនាំមន្រ្តីរាជការទំាងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវអនាម័យជាប់ជាប្រចាំ គឺលាងដៃ ពាក់ម៉ាស់ និងដាក់គម្លាតសុវត្ថិភាព ។
ឯកឧត្តម បានបន្តទៀតថា ក្រៅពីការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មន្រ្តីជំនាញបង្កើនការផ្សព្វផ្សាយ រាល់ព័ត៌មានពិត ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និង មានការប្រុងប្រយ័ត្ន ចូលរួមអនុវត្តទាំងអស់គ្នា ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកុំឲ្យមានការឆ្លងរីករាលដាលជំងឺនេះនៅក្នុងសហគមន៍របស់ខ្លួន ៕













