កំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មីកម្រិតមធ្យមសិក្សា «សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស» នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តល់នូវសារអប់រំដ៏មានអត្ថន័យចំនួន ៣ចំណុច ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា ដើម្បីទុកជាត្រីវិស័យសម្រាប់ការសិក្សា និងដំណើរជីវិតទៅអនាគត ៖

ទី១. គោរពស្រឡាញ់ឪពុកម្តាយ ដែលជាព្រះរស់នៅក្នុងផ្ទះ គឺក្មួយៗត្រូវចេះគោរព ស្រឡាញ់ និងដឹងគុណចំពោះពុក ម៉ែ ដែលតែងតែលះបង់គ្រប់បែបយ៉ាង សូម្បីពេលខ្លះលោកសុខចិត្តទទួលរ៉ាប់រងការងារលំបាកៗនៅផ្ទះ ដើម្បីផ្តល់ឱកាសឱ្យកូនបានមករៀនសូត្រ។ ត្រូវចងចាំថា លោកទាំងពីរគឺជាព្រះរស់ នៅក្នុងផ្ទះ ដូច្នេះត្រូវតបស្នងសងគុណលោកឱ្យទាន់ពេលវេលា កុំចាំដល់ពេលបាត់បង់លោកទើបនឹកឃើញ។
ទី២. គោរព និងយោគយល់ចំពោះគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ គឺក្មួយៗកុំភ្លេចគុណូបការៈរបស់គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន។ ទោះបីជាលោកគ្រូ-អ្នកគ្រូ ក៏ជាមនុស្សដែលអាចមានពេលហត់នឿយ ហើយពេលខ្លះលោកដាក់វិន័យតឹងរ៉ឹងបន្តិចក្តី សូមក្មួយៗយោគយល់ និងចងចាំថា វិន័យទាំងនោះហើយ គឺជាការដុសខាត់ និងត្រៀមលក្ខណៈឱ្យក្មួយៗរឹងមាំសម្រាប់ដំណើរជីវិតនាពេលអនាគត។
ទី៣. កុំគិតថាខ្លួនជាអ្នកតំបន់ដាច់ស្រយាល និងកុំប្រៀបធៀបដែលធ្វើឱ្យបាក់ទឹកចិត្ត គឺសូមកុំគិតថាខ្លួនឯងជាអ្នកខេត្តកំពង់ឆ្នាំង ឬនៅតំបន់ជនបទដាច់ស្រយាល ហើយមិនមានឱកាសដូចអ្នកនៅទីប្រជុំជន ឬរាជធានីភ្នំពេញឱ្យសោះ។ ក្មួយៗត្រូវប្តូរការគិត ដោយកុំធ្វើការប្រៀបធៀបជាមួយអ្វីដែលនាំឱ្យបាត់បង់ក្តីសង្ឃឹម ប៉ុន្តែត្រូវប្តូរមកមើល និងជ្រើសរើសយកគំរូល្អៗក្នុងសង្គមមករៀនសូត្រតាម ដូចជាកូនកសិករ និងអ្នកនេសាទនៅពាមប្រស្នា ដែលបានពុះពារតស៊ូរៀនសូត្ររហូតក្លាយជានាយករដ្ឋមន្ត្រីជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តាំផ្ញើបន្ថែមដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យចេះចាប់យកឱកាសដែលស្ថិតនៅក្នុងដៃរបស់ខ្លួនស្រាប់នាពេលនេះ ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដឹង និងជួយថែរក្សាអគារសិក្សាថ្មីដ៏ទំនើបនេះឱ្យបានគង់វង្ស។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្មួយៗបន្តពុះពារឈានទៅមុខជានិច្ច ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ក្លាយជាមោទនភាពរបស់ឪពុកម្តាយ លោកគ្រូ-អ្នកគ្រូ សហគមន៍ និងក្លាយជាធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិកម្ពុជាតទៅមុខទៀត៕
រូបថត ៖សន គន្ធនិវឌ្ឍន៍


















