ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ៖ សមិទ្ធផលអគារសិក្សាថ្មី នៃអង្គការតុកកែញញឹមកម្ពុជា ជាការវិនិយោគរយៈពេលវែង លើមូលធនមនុស្ស និងរួមចំណែកកែប្រែមុខមាត់តំបន់ជនបទ ក្នុងខេត្តកំពង់ឆ្នាំង

  • ខេត្តកំពង់ឆ្នាំង៖ ថ្លែងមតិចំណាប់អារម្មណ៍ស្វាគមន៍ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីកម្រិតមធ្យមសិក្សា «សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ទុកសមិទ្ធផលអប់រំថ្មីនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងជាការវិនិយោគរយៈពេលវែងលើមូលធនមនុស្ស ដើម្បីធានាថាសិស្សានុសិស្សនៅមូលដ្ឋានអាចបន្តការសិក្សាប្រកបដោយគុណភាព និងនិរន្តរភាព។

    photo_2026-11-19_12-54-16.jpg

    ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួមជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំជាន់ខ្ពស់នាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស» ជាមុំអាទិភាពទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ទន្ទឹមនេះ ឯកឧត្តមបានរាយការណ៍សង្ខេបអំពីវឌ្ឍនភាពលើគ្រប់វិស័យក្នុងខេត្តកំពង់ឆ្នាំង ក្រោមម្លប់សុខសន្តិភាព និងការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធាន។

    photo_2026-11-19_12-54-19.jpg

    ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ទឹកស្អាត មន្ទីរពេទ្យ មណ្ឌលសុខភាព និងសាលារៀន ត្រូវបានសាងសង់ និងកែលម្អជាបន្តបន្ទាប់ រហូតដល់តំបន់ជនបទដាច់ស្រយាល។ ទន្ទឹមនឹងនេះ ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដោយឡែក ចំពោះវិស័យអប់រំ យុវជន និងកីឡា នៅទូទាំងខេត្តកំពង់ឆ្នាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ បច្ចុប្បន្ន ខេត្តមានគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជំនាញដល់បងប្អូនប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តតែងតែសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីពង្រឹងគុណភាពបង្រៀន និងរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព អនាម័យ និងបរិយាបន្ន។

    photo_2026-11-19_12-57-22.jpg

    ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត Hannes Schmid សហស្ថាបនិក គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ នៃអង្គការតុកកែញញឹមកម្ពុជា ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមចំណែកកែប្រែមុខមាត់តំបន់ជនបទក្នុងស្រុកសាមគ្គីមានជ័យ តាមរយៈគម្រោងអភិវឌ្ឍន៍ចម្រុះ ដោយប្តេជ្ញាបន្តផ្តល់កិច្ចសហការ និងគាំទ្រគ្រប់បែបយ៉ាងដល់បេសកកម្មរបស់អង្គការ ព្រមទាំងផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងជំនាញ គោរពវិន័យសាលា គោរពមាតាបិតា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងសស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ៕

    photo_2026-11-19_12-54-21.jpg
    photo_2026-11-19_12-54-23.jpg
    photo_2026-11-19_12-54-26.jpg
    photo_2026-11-19_12-54-36.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង