សម្តេចចៅហ្វាវាំងគង់ សំអុល អញ្ជើញកាន់បិណ្ឌទី១២នៅវត្តសុវណ្ណគិរី ឃុំព្រៃគ្រី ស្រុកកំពង់ជលគិរី ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានបំពេញសទ្ធាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តគិរីសុវណ្ណ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង       ឃុំព្រៃគ្រី ស្រុកជលគិរីខេត្តកំពង់ឆ្នាំង នៅថ្ងៃច័ន្ទ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០។

    អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនាឱកាសនេះផងដែររួមមាន ឯកឧត្តមគុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តមអ៊ឹងលាងហួ សមាជិកព្រឹទ្ធសភា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯមអម សុភា អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង ពុទ្ធិបរិស័ទយ៉ាងច្រើនកុះករ ។

    នៅក្នុងពិធីបុណ្យកាន់បិណ្ឌទី១២នេះផងដែរ ព្រះគ្រូចៅអធិការវត្តសុវណ្ណគិរី និង ព្រះសង្ឃដែលបាននិមន្តមកពីវត្តចំនួន៣ផ្សេងទៀត សូត្រធម៌ជយន្តោ ប្រសិទ្ធិពរជ័យមង្គល ដល់សម្តេចៅហ្វាវាំងគង់ សំអុល ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងពិធីបុណ្យនាពេលនេះផងដែរ ។

    ក្នុងកម្មវិធីនៃពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅទីអារាមសុវណ្ឌគិរីនេះ សម្តេចចៅហ្វាវាំងគង់ សំអុល និង ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ធ បានបំពេញសេចក្តីជ្រះថ្លា កុសលផលបុណ្យ ដោយបានប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និង បវរណាចតុបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តគិរីសុវណ្ណនិង វត្តនានាផ្សេងទៀត នៅក្នុងស្រុកជលគិរីផងដែរ ។

    អាស្រ័យដោយបុណ្យភ្ជុំបិណ្ឌ បាននាំមកនូវផល្លាអនិសង្សដ៏ថ្លៃថ្លាជាច្រើនប្រការ ទើបពុទ្ធបរិស័ទគ្រប់ជំនាន់ខិតខំរួមគ្នាថែរក្សាតាំងពីសម័យបុព្វកាល អាស្រ័យដោយពិធីបុណ្យដ៏ប្រពៃនេះ នាំមកនូវសាមគ្គីធម៌ដ៏ប្រសើរទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿង។

    ម្យ៉ាងវិញទៀត ចំពោះបុគ្គលទាំងឡាយណាដែលបានបំពេញកុសលផលបុណ្យក្នុងសទ្ធាដ៏បរិសុទ្ធជ្រះថ្លាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុគ្គលទាំងនោះបានប្រកបទៅដោយកុលបុត្រកុលធីតាមានសេចក្តីកតញ្ញូ កតវេទិតាធម៌ ចំពោះមាតាបិតានិងអ្នកដែលមានគុណទាំងឡាយ ប្រសិនបើមាតាបិតា ឬ អ្នកមានគុណ បានចែកឋានទៅកាន់លោកខាងមុខហើយនោះ វិញ្ញាណកន្ធរបស់លោកនឹងបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានជួយថែរក្សាដល់កូនចៅឲ្យបានជួបប្រទះតែសេចក្តីសុខ និង សេចក្តីចម្រើនគ្រប់ប្រការ។

    បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌត្រូវបានធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោចដល់១៥រោច ខែភទ្របទ ។ នៅក្នុងរយៈពេលនេះ ខែ្មរយើងតែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេត បុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនបានធ្វើ។ជាមួយនេះក៏បង្កើតសាមគ្គីរបស់ពទ្ធបរិស័ទមកពីទីជិតឆ្ងាយនាំគ្នាធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់ជីដូនជីតាដែលចែកឋានទៅ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង