ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈឹម ស្រីមុំ ដែលត្រូវជាភរិយារបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥៤នាទីព្រឹក ម៉ោងនៅ សាធារណរដ្ឋឥណ្ឌា ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ។

ក្នុងមនោសញ្ចេតនាដ៏សែនក្រៀមក្រំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួង បានសម្ដែងនូវការសោកស្តាយដោយសេចក្ដីសង្វេគជាទីបំផុត និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រមទាំងក្រុមគ្រួសារ។ ក្នុងឱកាសដ៏វិយោគនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈឹម ស្រីមុំ បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀតឃ្លាតឡើយ៕











