ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា យោធាថៃបានបង្កើតសង្គ្រាមជាមួយកម្ពុជាជាលើកទី២ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុង ដ៏ជ្រាលជ្រៅរបស់ខ្លួនប៉ុណ្ណោះ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ ថ្ងៃទី១៧ ខែធ្នូ នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។
ឯកឧត្តមបន្តថា ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅ ថែមទៀតផង ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បី បង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា ក្នុងបំណងបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុង ដ៏ជ្រាលជ្រៅរបស់ខ្លួនប៉ុណ្ណោះ ។
ចំពោះសកម្មភាពយោធារបស់ថៃមកលើកម្ពុជានេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា អះអាងថា មិនមែន ជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃដែលបានថ្លែងភូតកុហកពលរដ្ឋខ្លួន និង បរទេសនោះទេ ប៉ុន្តែជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព ឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា៕ ប្រភព វិទ្យុជាតិ










