រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌មាន​ ក្រើន​រម្លឹ​ក​ថ្នាក់​ដឹក​នាំ​ មន្រ្ដី​រាជ​ការ​ រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ពង្រឹង​សសរ​ស្តម្ភ​ នៃដំ​ណើរ​​បេស​កកម្ម​ការងារ​គ្រប់​គ្រង​ព័ត៌​មាន​ និង​​សាធារណ​មតិ​ និង​សោត​ទស្សន៍​នៅ​កម្ពុជា​

  • ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ត្រូវរួមសហការគ្នាជាធ្លុងមួយតម្កល់នូវផលប្រយោជន៍រួម និងតម្កល់ក្តីសុខ និងសន្តិភាពរបស់ជាតិជាធំ ដែលជាសសរស្តម្ភ នៃដំណើរបេសកកម្មលើការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍ ដើម្បីចូលរួមថែរក្សាសន្ដិភាពនៅកម្ពុជា។

    ការក្រើនរម្លឹករបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន។

    ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខសណ្តាប់ធ្នាប់ ដំណើរការដឹកនាំ របស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។

    ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ពី​រដ្ឋា​ភិ​បាល​ រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និងនាំមកវិញនូវអ្វីដែលជាប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ការពាំនាំនូវព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត ជាតួនាទីធំខ្លាំងណាស់របស់ក្រសួងព័ត៌មាន នៅក្របខ័ណ្ឌនៃតួនាទីស្នូល ក្នុងនាមជាអំណាចទី៤ របស់រដ្ឋ។

    ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិទន់ជ្រាយ និងបាត់បង់ទំនុកចិត្តនោះ នឹងធ្វើឱ្យសង្គមជាតិជួបនឹងបញ្ហាជាច្រើននិងកើតមានឡើងនៅក្នុងសង្គមជាតិ គឺបញ្ហាអស្ថិរភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមជា​ដើម​។ «ខ្ញុំសូមឱ្យបងប្អូនតម្កល់នូវអ្វីដែលជាបេសកកម្មដ៏ពិសិដ្ឋរបស់យើង ហើយសូមឱ្យគិតថាទោះបីនៅក្នុងតម្លៃណាក៏ដោយ ហើយយចាំចាច់ត្រូវបំបេញនូវបេសកកម្មនេះឱ្យបានជោគជ័យ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា។

    ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឱ្យយល់ថា ការធ្វើកំណែទម្រង់ទាំងអស់ គឺជាដំណើរមួយដែលត្រូវឈរលើមូលដ្ឋាន «បើសិនជាយើងមិនធ្វើកំណែទម្រង់ ៩៩ភាគរយ យើងស្លាប់ តែបើយើងធ្វើកំណែទម្រង់ ៩៩ភាគរយ គឺយើងរស់»។ ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានលះបង់ និងរួមគ្នាដើម្បីបុព្វហេតុគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ស្របពេលដែលព័ត៌មានក្លែងក្លាយ ត្រូវបានក្រុមជនខិលខូចបង្កើតឡើងជាច្រើននៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាសិប្បនិម្មិត (AI )៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង