អាជ្ញា​ធរ​ក្រុង​កំពង់​ឆ្នាំង​ អំពាវ​នាវ​ឲ្យ​ប្រជា​​ពល​​រដ្ឋ​ ចូល​រួម​ធ្វើ​អនា​ម័យ​ និ​ង​ទុក​ដាក់​សម្រាម​ឲ្យ​បាន​ត្រឹម​ត្រូវ ​

  • កំពង់ឆ្នាំង ៖ លោក សាន់ អូស្មាន អភិបាលរងក្រុងកំពង់ឆ្នាំង បានអំពាវនាវទៅកាន់ប្រជាពលត្រូវចលរួមធ្វើអនាម័យ និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុងកំពង់ឆ្នាំងទាំងមូលមានសោភ័ណ្ឌភាព និងបរិស្ថានល្អ ។

    លោក អភិបាលរងក្រុងកំពង់ឆ្នាំង បានថ្លែងអំពាវនាវបែបនេះ នៅក្នុងឧិកាសដែលលោកដឹកនាំកម្លាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើពលកម្មសម្អាតអនាម៏យ បរិស្ថាន នៅតាមដងផ្លូវ និងទីសាធារណៈ ក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។

    លោក សាន់ អូស្មាន បានថ្លែងដោយស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នា និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយត្រូវធ្វើអនាម័យសម្អាតនៅតាមចិញ្ចើមផ្លូវខាងមុខផ្ទះរបស់ខ្លួន កាប់ព្រៃស៊ុបទ្រប់នៅជុំវិញផ្ទះ ដើម្បីបំបាត់ជម្រកមូសខ្លា និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ចៀសវាងដាក់សម្រាមចោលរាយប៉ាយ និងយកទៅបោះចោលនៅតាមទីសាធារណៈ ។ ពីព្រោះបញ្ហាអនាម័យ បរិស្ថានជារឿងសំខាន់ ដែលយើងត្រូវតែគិតគូរ និងចូលរួមទាំងអស់គ្នា ធ្វើយ៉ាងឲ្យក្រុងកំពង់ឆ្នាំងមានសោភ័ណ្ឌភាព និងបរិស្ថានល្អ ។

    លោក សុិន សូត ចៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋ នៅក្នុងសង្កាត់ មានការយល់ដឹងច្រើន ចេះស្រឡាញ់បរិស្ថាន ដោយពួកគាត់ទុកដាក់សម្រាមបានត្រឹមត្រូវ និងមិនយកសម្រាមបោះចោលរាយប៉ាយនៅតាមទីសាធារណៈដូចមុនទៀតឡើយ ។ ហើយពួកគាត់តែងតែចូលរួមជាមួយអាជ្ញាធរធ្វើពលកម្មសម្អាតអនាម័យ នៅតាមទីសាធារណៈជាប្រចាំ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង