សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការងារនៅកម្ពុជា ចូលជួបជម្រាបលា

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុល ថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។
    ឯកឧត្តម ពុលថាប់ បានគោរពសម្ដែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោជូនចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូនឯកឧត្តម និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេគឺស្ថានទូតទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
    ឯកឧត្តម ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីក  រាល​ដាលជំងឺ Covid 19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំ​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការ​បរ​ទេស​​​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។
    ឯកឧត្តម ពុលថាប់ បានជំរាបជូនសម្ដេចតេជោថា ពេលឯកឧត្តម ទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ឯកឧត្តម បានប្ដេជ្ញាជូនសម្ដេចថា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះ ឯកឧត្តមសូមគោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា ឯកឧត្តមបាន​​សម្រេចតាមការប្ដេជ្ញាហើយ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីក នឹងពង្រឹង ខណៈ​ពាណិ​ជ្ជក​ម្មរ​​វាងប្រទេសទាំងពីរ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ, វិស័យអប់រំ ការអភិវឌ្ឍ​​ធន​​ធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។
    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ពុលថាប់ ដែលបានប្រឹងប្រែងអស់​​ពីកម្លាំងកាយ​ចិត្ត បំពេញបេសកកម្មការទូតនាំឲ្យប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនង​​នឹងកិច្ចសហ​ប្រតិបត្តិការ​កាន់តែល្អប្រសើរឡើង។
    សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ ប្រទេសទាំងពីរបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុ​ញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាង​ល្អជាទីមោទនៈ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង