កំពង់ឆ្នាំង ៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣៩អាណត្តិទី៣ ត្រូវបានធ្វើឡើងងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ការងារកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ នៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រ របស់ខេត្ត និង សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទ របស់មន្ត្រីជំនាញ ដែលបានសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមកនិងបានជម្រុញដល់មន្ទីរអង្គភាពជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដូចជាការបង្កើតនូវសក្តានុពលវិស័យទេសចរណ៍ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈ ទីប្រជុំជនឱ្យបានល្អប្រសើរ ។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍របស់ខេត្តបន្ថែមទៀតនោះ គឺអាស្រ័យទៅលើ គណអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត រួមគ្នាគិត រួមគ្នាធ្វើ អំពីកិច្ចដំណើរការនានាដែលរដ្ឋបាលខេត្ត ដោយធ្វើការលម្អនូវរាល់បញ្ហាប្រឈមក្នុងមូលដ្ឋាន ។ ដោយរកចំណុចរួមមួយ ដើម្បីឆ្លើយតបបានតាមផែនការអភិវឌ្ឍន៍ និង ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ៕











