កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង នៅពេលនេះ កំពុងមមាញឹកលើការងារបង្ករបង្កើនផលស្រូវវស្សា ដោយបានចាប់ផ្តើមធ្វើការភ្ជួររាស់សាបព្រោះខណៈទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាល ខែឧសភា នេះ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះអាកាសធាតុអំណោយផលល្អ ដោយទឹកភ្លៀងបាន
ចាប់ផ្តើមធ្លាក់ពីដើមរដូវ និង បានពង្រាយនៅគ្រប់តំបន់ បង្ករលក្ខណៈងាយស្រួលដល់ប្រជាកសិករបានធ្វើការភ្ជួរាស់ សាបព្រោះបានពីដើមដៃ ។

លោក ងិន ហ៊ុន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករ សម្រេចធ្វើការដាំដុះស្រូវវស្សាបានលើ
ផ្ទៃដីចំនួន ២៤ ៣៥១ ហិកតា ស្មើនឹង ១៩,៦៩ភាគរយលើផែនការ ចំនួន ១២២ ០០០ ហកតា ។ ក្នុងនោះស្រូវស្រាលបានចំនួន ១១ ១០២ ហិកតា ស្រូវកណ្តាល ចំនួន ៧ ២៨៣ ហិកតានិងស្រូវធ្ងន់ធ្វើបានចំនួន ៥ ៩៦៦ ហិកតា ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា នៅពេលនេះ មន្ត្រីជំនាញបានចុះទៅតាមមូលដ្ឋាន
មួយចំនួន ធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេសនៃការដាំដុះ ការជ្រើសរើសពូជ ការប្រើជី ដើម្បីទទួលបានទិន្នផលខ្ពស់ផងដែរ ៕











