កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្លាប់ បុរសម្នាក់និង ស្ត្រីជនជាតិខ្មែរម្នាក់ ដោយសារជំងឺកូវិដ.១៩ ។
១/ឈ្មោះកឹម ឈឹម ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសាររបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមានសភាពរបួសបាក់បែកនិងប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ហើយបានរកឃើញវិជ្ជមានកូវិដ.១៩ ។
ក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ជើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។ ដោយសារស្ថានភាពប៉ះទង្គិចធ្ងន់ធ្ងរ និង វិជ្ជមានកូវិដ.១៩ អ្នកជំងឺបានទទួលមរណភាព នៅវេលាម៉ោង៥និង២០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។
២./ឈ្មោះប្រាក់ អិន ភេទស្រ្តី អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង៉ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានរកឃើញវិជ្ជមានកូវិដ.១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ និង ៣៥នាទី ដោយអាការ: ហត់ដង្ហក់ និងឡេះឡះខ្លាំង ហើយបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៨និង៥០ នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ទោះបីក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណភាព នៅវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។
តាមការសន្និដ្ឋាន របស់គ្រូពេទ្យអ្នកជំងឺឈ្មោះកឹម ឈឹម បានទទូលមរណភាពដោយសាររបួសគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរនិងវិជ្ជមាន កូវិដ.១៩ ។ អ្នកជំងឺឈ្មោះប្រាក់ អិន បានមរណភាពដោយសារ រលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕










