កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាកម្មការនី បម្រើការងារនៅរោងចក្រហឺរ៉ាយហ្សិន និង រោងចក្រតឹកហ្វុក។អ្នកវិជ្ជមានកូវិដ.១៩ មានទីលំនៅក្នុងស្រុកកំពង់ត្រឡាចចំនួន៣នាក់ និង នៅស្រុកសាមគ្គីមានជ័យ១នាក់ ។
អ្នកវិជ្ជមានកូវិដ.១៩ខាងលើបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរ មូលដ្ឋានដែលមានកម្មករ កម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលបន្តតាមដានសុខភាពរបស់បងប្អូននិងជួយដោះស្រាយការលំបាកនានា ក្នុងគ្រួសារនិមូយៗ តាមជាក់ស្តែង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន២២០នាក់, ព្យាបាលជាសះស្បើយ ចំនួន៣២នាក់, ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៨៥នាក់។











