បន្ទាប់ពីទទួលបទបញ្ជាបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីល្ងាចថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនជំងឺកូវីដ-១៩បានរៀបចំទីតាំងអគារសណ្ឋាគារ THE GREAT DUKE ដែលជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ អោយក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនៅព្រែកព្នៅ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារ បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណ ចំពោះក្រុមការងារទាំងអស់មកពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីយកម្ពុជា(EDC) ក្រុមហ៊ុនឯកជន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំមន្ទីរពេទ្យកម្រិតស្រាលព្យាបាលអ្នកជំងឺកូវីដ-១៩អោយសម្រេចបានក្នុងរយៈពេលដ៏ខ្លី ។ ជាពិសេសម្ចាស់សណ្ឋាគារ The Great Duke ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីសណ្ឋាគារដ៏ធំមួយនេះដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។
គួរបញ្ជាក់ថា ទីតាំងអគារសណ្ឋាគារ THE GREAT DUKE ដែលប្រែក្លាយទៅជាមន្ទីរពេទ្យកម្រិតស្រាលព្យាបាលអ្នកជំងឺកូវីដ-១៩ អាចទទួលព្យាបាលអ្នកជម្ងឺបានប្រមាណ ៥០០នាក់៕