កាលពីព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០២០ ផលិតកម្មថោន បានប្រមូលផ្តុំតារាក្នុងផលិតកម្ម និងតារាសម្តែងល្បីៗ មកជួបជុំគ្នាក្រុងពលីរឿងភាគថ្មី។ រឿងភាគដែលមានចំណងជើងថា«ព្រហ្មលិខិតដុះស្លាប» គឺជាការជឿជាក់យ៉ាងមុតមាំពីសំណាក់ក្រុមផលិតទាំងមូល អាចចងចិត្តអ្នកទស្សនា ក្រោយពេលបញ្ចាំងជាផ្លូវការ។
លោក សោម ដូរ៉េ អ្នកនិពន្ធរឿងដែលមានទេពកោសល្យយូរឆ្នាំ បានអោយដឹងថារឿង«ព្រហ្មលិខិតដុះស្លាប» នេះជាខ្សែចម្រៀង ដែលយើងបានចងក្រងរំលេចឡើង ចំនួន១០បទ បន្ទាប់ពីសន្សំគំនិតគិតទុកអស់ជាច្រើនខែ។
លោកថា ការសម្តែងទៀតសោត មានការតុបតែងឈុតសម្លៀកបំពាក់ តែមួយឈុតៗដូចគ្នារហូតដល់ចប់។ យ៉ាងណាមិញ លោករំពឹងថា រឿងនេះមានការទាក់ទាញ ព្រោះជាចម្រៀងសាច់រឿង ដែលស្រុកគេ គឺកសាងថតបែបនេះដែរ។ អ្វីដែលសំខាន់នោះគឺប្រជុំតួសុទ្ធ តែលំដាប់ៗមហាជនទទួលស្គាល់ច្រើន។
លោក លី ម៉េង ជាផលិតករ បានអោយដឹងថា គម្រោងចេញថតក្រោយពេលក្រុងពលីចប់ ដោយថតប្រហែលជាពីរខែ ដោយថតបណ្តើរ ចាក់ផ្សាយបណ្តើរ ដើម្បីអោយអ្នកគាំទ្របានស្គាល់រសជាតិថ្មី។ ចំពោះរឿងពេលវេលាចាក់ផ្សាយយើងសុំពិភាក្សាគ្នារើសថ្ងៃសិន ។
ដោយឡែក លោក ម៉ៅ ហាជី និងកញ្ញា បាន មុនីលក្ខ័ ជាតួឯកក្នុងរឿង បានអោយដឹងថា ពួកគេពិតជាភ្ញាក់ផ្អើលតែម្តង បន្ទាប់ពីមេកើយអោយសញ្ញាជាតួឯក។ ពួកយើងទាំង២នាក់មានតែខិតខំសម្តែងអោយល្អ ព្រោះយល់ថាតារាសម្តែងបត់បែនកាយវិការ ទឹកមុខច្រើន ខុសពីការសម្តែងចម្រៀង ហើយពេញចិត្តបទពិសោធន៏ថ្មីនេះដើម្បីអោយកាន់តែស្គាល់ សិល្បៈគ្រប់ទម្រង់។
តារាក្នុងផ្ទៃរឿងមាន ម៉ៅ ហាជី សៅ ឧត្តម រ៉ូលីន កាតុ ញឹម ចាន់ថន កុល ដាវី បាន មុនីលក្ខ័ ចេន សាយចៃ ម៉ានីតា ឆ័យលី ដាឡែនព្រមទាំងតារាមួយចំនួនទៀត។