កំពង់ឆ្នាំង៖ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងលោកអ៊ិត សុធា បានបញ្ជាកម្លាំងស្ទាក់ចាប់រថយន្តយីឌុបភ្លៅ៥ មួយគ្រឿង នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលរថយន្តធុនធំមួយគ្រឿងនេះ ដឹកឈើអារចម្រុះបង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ ធ្វើចរាចរណ៍ដោយគ្មានច្បាប់ ។
មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានឱ្យដឹងថា ឈើមួយរថយន្តហ៊ីណូដែលសមត្ថកិច្ចចម្រុះ សហការគ្នាចាប់នោះ គឺបានយកលេសសុំច្បាប់ដឹកឈើផ្ទះចាស់ ប៉ុន្តែការពិតពេលដឹកបង្កប់ឈើថ្មីចម្រុះពីខាងក្នុង ដោយដាក់ឈើផ្ទះចាស់ពីខាងក្រៅ ដែលដឹកចេញពីភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ។
នៅពេលសមត្ថកិច្ចចាប់ឃាត់ ក្រុមអ្នកដឹកឈើប្រាប់ថា ជាឈឺផ្ទះចាស់ លុះពេលសមត្ថកិច្ចត្រួតពិនិត្យ ឃើញសុទ្ធតែឈើអារក្តានិងឈើគ្រឿងថ្មីៗ ហើយឈើខ្លះទៀត មានមុខកាត់ធំៗជាឈើមានតម្លៃ។ ក្នុងពេលនោះដែរក្រុមអ្នកដឹកឈើទាំងនោះនាំគ្នាគេចខ្លួនអស់ មិនឃើញមាននរណាម្នាក់ទទួលខុសត្រូវឡើយ ។
មន្ត្រីខាងលើបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ រថយន្តដឹកឈើល្មើសច្បាប់នោះ បានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច និង កំពុងទម្លាក់ចុះដីដើម្បីធ្វើការវាស់វែង តែការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងថា អាចជិត២០ម៉ែត្រគូប។
ក្រោយពេលធ្វើការវាស់វែងចប់ មន្រ្តីជំនាញ នឹង ស្រាវជ្រាវរកម្ចាស់ឈើដើម្បីធ្វើសេចក្តីជូនដំណឹងឱ្យចូលខ្លួន ទៅបង់ផាកពិន័យ តាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលនឹងត្រូវទុករយៈពេល៣០ថ្ងៃ។ តែបើរកម្ចាស់មិនឃើញ ឬ ម្ចាស់មិនចូលខ្លួនមកដោះស្រាយទេនោះ មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕