ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ, ធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងគ្មានការព្រួយបារម្ភ ។ ការថ្លែងរបស់ឯកឧត្តម ឧត្តមសេនីយឯក ដូចនេះ បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារម៉ាក្រូជ្រោយចង្វា ដែលជាសាខាទី៣ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។


ឯកឧត្តម ឧត្តមសេនីយឯក បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយកម្ពុជាក៏បានវិវត្តខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
