កំពង់ឆ្នាំង ៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណវេណទី១៤នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានយុវជនស្រឡាញ់សន្តិភាព លោកហឹង ចូច និង លោកឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកស លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និង លោក ថោងចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានរួមគ្នានាំយកនូវចង្ហាន់ បច្ច័យ ទេយ្យទានផ្ទាល់ខ្លួន និង របស់លោកជំទាវ វ៉ាន់ លុយ ចូលរួមពិធីបុណ្យកាន់បិណ្ឌជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅវត្តត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះប្រារព្វធ្វើចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពុទ្ធបរិស័ទមានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
តាមឯកសារបានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ កើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោចដែលគេហៅថាបុណ្យភ្ជុំ ។ ពិធីបុណ្យទាំងពីរថ្នាក់នេះបច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពុទ្ធិបរិស័ទនាពេលនោះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានពាំនាំប្រសាសផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្តេច នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជានិច្ចកាលសម្តេចថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាបលរដ្ឋនៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ។
លោកជំទាវបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពពេញបរិបូរណ៏លើជំនឿសាសនា ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមធ្វើបុណ្យទានតាមប្រពៃណីសាសនារៀងៗខ្លួន ។ ទាំងនេះដោយសារតែប្រទេសមានសុខសន្តិភាព ដែលបានកសាងដ៏រឹងមាំដោយសម្តេច ហ៊ុន សែន ជាស្ថាបនិក នៃការកសាងសន្តិភាពអោយមានរហូតដល់សព្វថ្ងៃនេះ ។
លោកជំទាវកែ ច័ន្ទមុនី បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ននេះ ។ ជាមួយនេះប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់អោយបានម៉ឺងម៉ាត់បំផុតនូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយគ្រាន់តែអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាលជាប្រចាំ ដែលធ្វើឲ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះបាន ។
នៅក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនី លោកជំទាវតុង ណារី និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានប្រគេនបច្ច័យ និង សម្ភារៈបរិក្ខា ដែលបានមកពីការចូលរួមគ្នា និង ការចូលរួមមួយចំណែកទៀតពីសំណាក់លោកជំទាវ វណ្ណលុយ អគ្គនាយិកាក្រុមហ៊ុន ទឹកបរិសុទ្ធ អេរ៉ូទិច និង ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ដែលសរុបជាបច្ច័យមានចំនួន២លាន ៥ម៉ឺនរៀល ។ លោកជំទាវ កែច័ន្ទមុនី លោកជំទាវតុង ណារី បានជូនថវិកាដល់ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទដែលបានចូលរួមកាន់បិណ្ឌទី១៤នេះ ក្នុងម្នាក់ៗ១ម៉ឺនរៀលផងដែរ ៕