អភិបាល​ខេត្ត​កំពង់​ឆ្នាំង ក្រើន​រំ​លឹក​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ត្រូវបង្កើន​​កិច្ច​​សហការ​​ទប់ស្កាត់​​និង​បង្ក្រាប​អំពើ​គេច​ពន្ធ

  • កំពង់ឆ្នាំង៖ អភិបាល​ខេត្តកំពង់​ឆ្នាំង ឯកឧត្តម ​ឈួរ ច័ន្ទឌឿន បាន​​​ក្រើន​​រំលឹក​​ដល់​មន្ត្រីសា​ខាគយ​ និងរដ្ឋា​ករ​​​ខេត្ត​ ឲ្យប​ង្កើន​កិច្ចសហកា​រជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ និង ​សមត្ថ​កិច្ច​ ក្នុង​ការ​​ចូល​រួម​ទប់ស្កាត់ បង្ក្រាប​ប្រ​ឆាំង​​​អំពើ​រត់គេច​ពន្ធ និង ពង្រឹង​ប្រសិទ្ធភាព​នៃការ​កៀរគរ​ចំណូល​ពន្ធអា​ករ​ ស្រប​ទៅតាម​នីតិវិធី ដោយ​ធា​នា​អោ​យមា​ន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ ។

    ការ​ក្រើន​រំលឹក​របស់អភិបាលខេ​ត្ត​ បែបនេះ បានធ្វើឡើង​ក្នុង​ពិធីប្រកាស​តែង​តាំង​និង​ផ្ទេរភារ​​កិច្ចប្រធាន​ និង ​អនុ​ប្រធាន ​សាខាគយ​និងរដ្ឋាករ ​ខេត្តកំពង់​ឆ្នាំង កាលពី​រ​​សៀលថ្ងៃទី​៨ ខែកក្កដា​ ឆ្នាំ២០​២០​ ។

    ឯកឧត្តម ​ឈួរ ច័ន្ទ​ឌឿន​ បាន​បញ្ជាក់​ថា បើ​ទោះ​បី​ខេត្តកំពង់ឆ្នាំង ពុំ​មែន​ជា​ច្រកព្រំ​​ដែន​​ចេញ​ចូលក៏ពិ​ត​មែន​ ប៉ុន្តែ​មាន​ទំនិញ​គ្រប់ប្រភេទ​ជាច្រើន​បាន​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៥​ ដោយ​បាន​ឆ្លង​កាត់​ភូមិសាស្រ្ត​ខេត្ត​កំ​ពង់​​​ឆ្នាំង​ផងដែរ ។ ដូច​នេះ មន្រ្តី​សាខាគយ​និងរដ្ឋាករ​ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែតាម​ដាន អោយ​បាន​ជាប់​ជា​ប្រចាំ ធ្វើការបង្ក្រាប ទប់ស្កាត់ ប្រឆាំងអំពើររត់គេចពន្ធអោយមានប្រសិទ្ធភាព ដើម្បីបង្កើន​ប្រាក់ចំណូល​ពន្ធ​ជូន​​រដ្ឋ អោយឆ្លើយតបបានតាម​ផែនការ ដោយធានា​អោយបាន​នូវតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។

    យោង​តាម​លិខិត​បង្គាប់​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ គយ​និងរដ្ឋាករ​កម្ពុជា ត្រូវបាន​តែងតាំង លោក ជួប​ ចំរើន ជា​ប្រធាន​សាខា​គយ និង​ រដ្ឋាករ​ខេត្តកំពង់​ឆ្នាំង និង ​លោក អ៊ូ ​ហេង ​ជា​អនុ​ប្រធាន​សាខា​ ។ ដោយ​ឡែក​លោក ហាល ទូច ប្រធានសាខាចាស់ ត្រូវបាន​ផ្ទេរភារកិច្ច​ទៅជា​ប្រធាន​សាខាគយ​​និងរដ្ឋាករ​ខេត្តរតនៈគិរី​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង